ទីផ្សារចិនមានចំណែក ​៣៥ភាគរយ ​នៃបរិមាណអង្ករនាំចេញពីកម្ពុជា​ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅឯស្ថានអគ្គកុងស៊ុលចិនប្រចាំប្រទេសកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយ លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានស.អ.ក ទទួលបន្ទុកជាប្រធាន គណៈកម្មាធិការទីផ្សារ និងជំរុញការនាំចេញ សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គលេខាធិការស.អ.ក បានចូលជួបតាមការអញ្ជើញរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ដែលមានលោក Wu Guoquan អគ្គកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជ​កម្ម នៃស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា ដែលជំនួបនេះផ្តោតសំខាន់លើ ការជំរុញការនាំចេញអង្ករកម្ពុជាបន្ថែមទៀតទៅកាន់ប្រទេសចិន។

កិច្ចប្រជុំបានចាប់ផ្តើម ដោយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកអគ្គកុងស៊ុល និងសហការីដោយបានលើកអំពីសាវតារ និងសមិទ្ធផលដែលសំរេចបានរបស់កម្ពុជា នៅក្នុងទីផ្សារប្រទេសចិន។ 

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ជំរាបជូនលោកអគ្គកុងស៊ុល និងអង្គប្រជុំអំពីភាពរីករាយ និងសាទររបស់កម្ពុជា ចំពោះកិច្ចសហការលើការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។  

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ មានការចុះអនុស្សរណៈយោគយល់គ្នា រវាងកម្ពុជា-ចិន បានចំនួន៥អនុស្សរណៈ ហើយបាននិងកំពុងបន្តការនាំចេញ មកដល់ត្រឹមខែ៩ឆ្នាំ២០២០ ទំហំនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងចំនួនជិត១លានតោន ហើយនឹងឈាន ដល់ ១,២ លានតោនក្នុងពេលឆាប់ៗខាងមុខនេះ។ 

លោកឧកញ៉ា បានមានប្រសាសន៍ថា ការកើនឡើងនេះ គឺកើតចេញពីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ប្រកបដោយឆន្ទៈ និងមានគោលបំណងច្បាស់លាស់ក្នុងការបង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើសេដ្ឋកិច្ច និងនយោបាយ។ បន្ថែមលើសពីនេះទៀត វិស័យឯកជន ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាស្ថាប័នតំណាងអោយវិស័យស្រូវអង្ករនៅកម្ពុជា បានខិតខំសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជន របស់ប្រទេសចិន ជាពិសេសក្រុមហ៊ុន COFCO corporation ក្នុងការជំរុញការនាំចេញ និងពង្រីកទីផ្សារអង្ករកម្ពុជា នៅក្នុងប្រទេសចិន។ 

ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានលើកឡើងអំពីការងារនិងមហិច្ឆតា នៃការនាំចេញរបស់កម្ពុជា ដែលមានបំណងជំរុញអោយបានការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ អោយបានចំនួន១លានតោន ចាប់ពីឆ្នាំ២០២១ ដែលជាកំណើនប្រកបដោយប្រាក់ចំណេញ និងមាននិរន្តរភាពទីផ្សារ។

ការសំរេចបាននូវគោលដៅនាំចេញនេះ គឺមិនអាចខ្វះបាននៃចំណែកទីផ្សាររបស់ប្រទេសចិន។ សម្រាប់ឆ្នាំ២០២០ តាមការរំពឹងទុក និងការវាយតំលៃរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានទៅដល់៨០ម៉ឺនតោន ការណ៍នេះ កម្ពុជាត្រូវការសហការយ៉ាងស្អិតរមួត ជាមួយនឹងប្រទេសចិន។ ជាក់ស្តែងក្នុងរយៈពេល ៩ខែឆ្នាំ២០២០ ទីផ្សាររបស់ប្រទេសចិនមានចំណែក ៣៥% នៃបរិមាណអង្ករនាំចេញអង្ករកម្ពុជាទាំងមូល។ 

ក្រៅពីការលើកឡើងអំពីសក្តានុពលនៃទីផ្សារចិន និងឱកាសក្នុងការពង្រីកការនាំចេញរបស់កម្ពុជាទៅចិន លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានស.អ.ក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញរបស់ស.អ.ក បានលើកជាសំណូមពរ និងធ្វើការពិភាក្សាជាមួយសមភាគីកិច្ចប្រជុំលើការងារដូចតទៅ៖ 

១. ពិនិត្យមើលលទ្ធភាពក្នុងការកំណត់កាលបរិច្ឆេទប្រចាំឆ្នាំ នៃការអនុវត្តអនុស្សរណៈយោគយល់ ដែលគួរតែចាប់ផ្តើម ពីដើមខែឧសភា ហើយចប់នៅចុងខែមេសា វិញដោយសារ ជាទូទៅការប្រមូលផលស្រូវចម្បងរបស់កម្ពុជាគឺនៅខែ វិច្ឆិកា និងធ្នូ ដែលក្នុងកំឡុងពេលនេះ គឺជាពេលមមាញឹកខ្លាំងសម្រាប់ការសម្ងួតនិងរក្សាទុក និងមួយវិញទៀតនៅចុងឆ្នាំជារដូវឈប់សម្រាកច្រើន ដែលធ្វើឱ្យពិបាកក្នុងការផ្គត់ផ្គង់ឱ្យទាន់ពេលវេលា លើបរិមាណអង្ករដែលត្រូវនាំចេញទៅតាមកាលកំណត់ចុងរដូវ។  

២. ពិនិត្យលទ្ធភាពបង្កើត ក្រុមមជ្ឈឹតកររួមគ្នា កម្ពុជា-ចិន សម្រាប់ដោះស្រាយវិវាទនៅក្នុងពាណិជ្ជកម្មអង្ករ ដែលអាចមានសមាសភាពរួម កម្ពុជា-ចិន ឬតំណាងកុងស៊ុលរបស់ស្ថានទូតចិនផងដែរ។ 

៣. ស្នើសុំឱ្យភាគីប្រទេសចិន ពិនិត្យលទ្ធភាពជួយជំរុញការផ្សព្វផ្សាយ អង្ករកម្ពុជានៅក្នុងប្រទេសចិន ជាពិសេស "ម៉ាក ម្លិះ អង្គរ" តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនអោយបានច្រើនថែមទៀត។ 

៤. ពិនិត្យលទ្ធភាព ជួយដល់មន្ទីរពិសោធន៍ផ្នែកកសិកម្ម អោយមានវិសាលភាពគ្រប់ដណ្តប់ លើលក្ខណៈវិនិច្ឆ័យកាន់តែច្រើនជាងមុន ដោយសារបច្ចុប្បន្ននេះ ការពិនិត្យ នៅមានកំរិត ជាពិសេសរសជាតិ និងក្លិន ដែលជាមូលហេតុនាំឱ្យមានបញ្ហាលើកិច្ចសន្យាខ្លះកន្លងមក ក្នុងការផ្គត់ផ្គង់អង្ករមួយចំនួន។ 

៥. សំណូមពរ ជួយជុំរុញឱ្យការមានការបង្កើនការបញ្ជាទិញអោយបានច្រើនថែមទៀត ក្នុងត្រីមាសទី៤នៃឆ្នាំ២០២០អោយឆាប់បញ្ចប់អនុស្សារណយោគយល់បានចុះហត្ថលេខាហើយ និងឈានដល់ការរៀបចំអនុស្សារណយោគយល់ថ្មី។

ជារួម បន្ទាប់ពីស្តាប់នូវមតិយោបល់លើការពិភាក្សា ក៏ដូចជាសំណូមពរនានា ពីសហព័ន្ធស្រូវអង្ករកម្ពុជារួច លោក Wu Guoquan មានសេចក្តីសាទរនូវការសំរេចបានកន្លងមក និងទទួលយកដើម្បីពិនិត្យ រកលទ្ធភាពដោះស្រាយ និងធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្មប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្មអង្ករ ឱ្យកាន់តែរីកចំរើនឡើងថែមទៀត។ កិច្ចប្រជុំ បានបញ្ចប់នៅព្រឹកថ្ងៃដដែលនេះ ដោយមិត្តភាព និងភាពយល់គ្នាកាន់តែច្បាស់៕

អត្ថបទដែលជាប់ទាក់ទង
អាជ្ញាធរ ប្រើ​វិធានការ​ក្ដៅ​ទៅលើ​ក្រុមអាជីវករ​មួយចំនួន ដែល​លក់ដូរ​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ
ព័ត៌មានជាតិ
​ប្រជាពលរដ្ឋ ៣០០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានអំណោយ ជាស្បៀងសង្គ្រោះបន្ទាន់
ព័ត៌មានជាតិ
មូលនិធិ​ទឹកជំនន់ EZECOM ប្រគល់​អំណោយ​ដល់​ជនរងគ្រោះ ១៤០​គ្រួសារ នៅ​ក្រុង​តាខ្មៅ​
ព័ត៌មានជាតិ
លា​ហើយ​! លេខ​ចុងក្រោយ​របស់​កាសែត​រស្មី​កម្ពុជា ដែលមាន​អាយុ ២៧​ឆ្នាំ​!
ព័ត៌មានជាតិ
ក្រុមហ៊ុន RMA Cambodia ផ្ដល់អំណោយជូនដល់កាកបាទក្រហមកម្ពុជាជាការរួមចំណែកជួយជនរងគ្រោះទឹកជំនន់
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ ១០​ចំណុច ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ឈប់សម្រាក​បុណ្យអុំទូក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី