(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីបុណ្យខួប លើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤-ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
ក្នុងសារថ្វាយព្រះពរ សម្តេចក្រឡាហោម ស ខេង លើកឡើងថា «ក្នុងព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌ និងព្រះរាជតំរិះគតិបណ្ឌិតដ៏ឈ្លាសវៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូអ ព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមបម្រើមាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ នៅគ្រប់កាលៈទេសៈ»។
ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ ដោយសម្តេចសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លានៃព្រះបារមីព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋរបស់ព្រះករុណាអម្ចាស់ជីវិតលើត្បូង ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងមានវឌ្ឍនភាពលើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនា ជូនប្រជារាស្ត្រខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។




