(ភ្នំពេញ)៖ យោងតាមគម្រោងផែនការការងារដែលបានគ្រោងទុកកាលពីសប្តាហ៍កន្លងទៅ និងទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចាប់ផ្តើមចេញបេសកកម្មចាំបាច់បន្ទាន់មួយ រយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីព្រឹកថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា។
ឯកឧត្តម វេង សាខុន បានឲ្យដឹងថា បេសកកម្មនេះចាប់ផ្តើមដំបូងពីខេត្តសៀមរាបនៅថ្ងៃទី២៧ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខេត្តបាត់ដំបងនៅថ្ងៃទី២៩ និងចុងក្រោយគឺខេត្តពោធិសាត់នៅថ្ងៃទី៣០ ក្នុងគោលបំណងចុះមកវាយតម្លៃលើផលប៉ះពាល់ និងខូចខាតជារួមនៃដំណាំស្រូវ ដំណាំរួមផ្សំ ដោយសារជំនន់ទឹកភ្លៀង និងនាំយកពូជស្រូវ ពូជដំណាំ និងពូជត្រី និងកង្កែបទៅចែកជូនប្រជាកសិករតាមខេត្តគោលដៅទាំង៤។
ក្នុងឱកាសបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា ពីកោះនរា ទៅផ្លូវជាតិលេខ១ នៅថ្ងៃទី២៦ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជារដ្ឋមន្ត្រីនៃក្រសួង ៤រូប រួមមាន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចុះវាយតម្លៃដោយផ្ទាល់ជាបន្ទាន់ ពីទំហំដែលខូចខាតដោយទឹកជំនន់៕



