(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ របៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកនេះ គឺការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ឬហៅថា ច្បាប់ថវិកាជាតិ ឆ្នាំ២០២១។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំនៅព្រឹកថ្ងៃទី២៧ ខែតុលានេះ សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ជូនគណៈកម្មការជំនាញរដ្ឋសភា គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដែលមានឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធាន ដើម្បីពិនិត្យសិក្សា មុននឹងបញ្ជូនត្រឡប់មកកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រាប់កំណត់ថ្ងៃបើកកិច្ចប្រជុំរដ្ឋសភា ពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់នេះ ទុកជាការប្រញាប់ នាពេលឆាប់ៗនេះ។
សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាល បញ្ជូនទៅកាន់រដ្ឋសភា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ដែលគណៈរដ្ឋមន្ត្រី ប្រជុំអនុម័ត កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ បង្ហាញថា នៅឆ្នាំ២០២១ រាជរដ្ឋាភិបាល គ្រោងនឹងចំណាយ ចំនួន ៣០ ៤៩១ ៣៣៦ លានរៀល ស្មើប្រមាណ ៧៥០០ លានដុល្លារអាមេរិក ត្រូវជា ២៥,៨៥% នៃផ.ស.ស ដែលថយចុះ ១,៩% ធៀបនឹងឆ្នាំ២០២០។
នៅឆ្នាំ២០២១ រាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកាដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ចំនួន ២ ៥៧៨ ៨៥៦ លានរៀល ស្មើប្រមាណ ៦៣៤ លានដុល្លារអាមេរិក ថយចុះ ២២,៥% ធៀបនឹងឆ្នាំ២០២០។
នៅឆ្នាំ២០២១ រាជរដ្ឋាភិបាល បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១៥០០ លានអេដេអ៊ែ ( SDR ) គឺកើនឡើង ១០០លានSDR ធៀបនឹងឆ្នាំ២០២០។
ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល សម្រេចថា បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវរក្សាកម្រិត ឆ្នាំ២០២០ ដើម្បីសន្សំថវិកា សម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩ និងគ្រោះមហន្តរាយទឹកជំនន់រដូវវស្សា ឆ្នាំ២០២០។
ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល ក៏បានសម្រេចថា ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក៏ដូចជាក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីភូមិ នឹងត្រូវបានរក្សាស្មើនឹងកម្រិតឆ្នាំ២០២០។
រាជរដ្ឋាភិបាល បានប្រកាសថា ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធាន ឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។
សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ឬថវិកាជាតិ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង ដោយមាន ៦ជំពូក និង ១៥មាត្រា៕




