(បន្ទាយមានជ័យ)៖ ក្នុងពេលបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់គោលដៅទី២ ចំនួន៥ពាន់គ្រួសារទៀត នៅក្នុងស្រុកម៉ាឡៃ នៅថ្ងៃទី២៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងថា ពេលនេះពេលយើងកំពុងមានទុក្ខនោះ គឺមានកម្លាំងមហាជនជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋយើង ដែលរហូតមកដល់ពេលនេះយើងទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង ៨លានដុល្លារ។
សម្តេចតេជោបានបន្តទៀតថា ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។ ក្នុងដំណាក់កាលនៃជម្ងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះដោយទឹកជំនន់នេះ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ៕




