(ក្រចេះ)៖ យុវជនកម្ពុជាដែលមានបទពិសោធន៍ផ្សេងៗគ្នាមកពីសាកលវិទ្យាល័យ និងកន្លែងធ្វើការនានា ត្រូវបានស្វាគមន៍យ៉ាងរាក់ទាក់ដោយក្រុមការងាររបស់អង្គការ WWF ប្រចាំនៅការិយាខេត្តក្រចេះ ខណៈដែលក្រុមយុវជនធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ការពារសត្វផ្សោតនៅក្នុងខេត្តក្រចេះ។
ក្នុងជំនួបជាមួយក្រុមការងាររបស់អង្គការ WWF យុវជនបានស្វែងយល់អំពីកម្មវិធីអភិរក្សនានារបស់អង្គការ WWF ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ និងវិធីសាស្ត្រធ្វើការងារក្នុងភាពជាដៃគូពហុភាគីជាមួយនិងស្ថាប័នរដ្ឋាភិបាលថ្នាក់ខេត្ត និងថ្នាក់ជាតិ អាជ្ញាធរ និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេមេគង្គ យុវជន វិស័យឯកជន អង្គការដៃគូ និងភាគីពាក់ព័ន្ធនានា។
នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃទៅកាន់តំបន់ទេសភាពព្រៃលិចទឹកមេគង្គ ក្រុមយុវជននឹងទទួលបានបទពិសោធន៍ដោយផ្ទាល់អំពីការត្រួតពិនិត្យតាមដានសត្វផ្សោតទន្លេមេគង្គ ព្រមទាំងស្វែងយល់អំពីវិធីសាស្ត្រដែលក្រុមការងារស្រាវជ្រាវជីវៈចម្រុះប្រើប្រាស់ដើម្បីធ្វើការប៉ាន់ប្រមាណចំនួនសត្វផ្សោត។
ក្រុមយុវជនក៏នឹងជួបសំណេះសំណាលជាមួយនិងមន្ត្រីពង្រឹងការអនុវត្តច្បាប់របស់រដ្ឋាភិបាល ដែលប្រចាំការនៅអន្លង់ផ្សោតកាំពី ដើម្បីស្វែងយល់អំពីកិច្ចការរបស់ឆ្មាំទន្លេ លទ្ធផលការងារ និងបញ្ហាប្រឈមរបស់ពួកគាត់។ ទស្សនកិច្ចសិក្សានេះត្រូវបានរៀបចំរួមគ្នាដោយអង្គការ WWF និងក្រុមយុវជន អេកូយុវទូត - Young Eco Ambassador ដែលនឹងប្រើចំណេះដឹង និងបទពិសោធន៍ពីទស្សនកិច្ចសិក្សារបស់ពួកគេ ដើម្បីធ្វើការផ្សព្វផ្សាយបន្តទៅសាធារណជនតាមរយៈកម្មវិធីផ្សព្វផ្សាយរបស់ពួកគេនៅលើប្រព័ន្ធឌីជីថល ក្នុងគោលបំណងផ្តល់ព័ត៌មានដល់យុវជនកម្ពុជាអំពីស្ថានភាពសត្វផ្សោតទន្លេមេគង្គ ព្រមទាំងជម្រុញការចូលរួមរបស់យុវជនក្នុងកិច្ចការពារសត្វផ្សោតចំនួន ៨៩ ក្បាល ដែលនៅសេសសល់ក្នុងទន្លេមេគង្គកុំឱ្យផុតពូជ។
សូមជម្រាបថា ទិវាអន្តរជាតិនៃសត្វផ្សោតទឹកសាប នៅថ្ងៃ២៤ ខែតុលា។ ផ្អែកតាមរបាយការណ៍នៃការតាមដានសត្វផ្សោតទន្លេមេគង្គឆ្នាំ២០២០នេះ អ្នកវិទ្យាសាស្រ្ត បានប៉ាន់ប្រមាណថាមានសត្វផ្សោត ចំនួន ៨៩ក្បាល ប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ចំនួននេះ គឺជាចំនួនថេរបន្ទាប់ពីចំនួនសត្វផ្សោតបានធ្លាក់ចុះក្នុងប៉ុន្មាន ទស្សវត្សកន្លងទៅនេះ។ រដ្ឋបាលជលផល និងអង្គការWWF សូមអំពាវនាវយ៉ាងទទួចសូមឲ្យ អនុវត្តសកម្មភាពរួមគ្នា និងវិធានការខ្លាំងក្លាបន្ថែមទៀតជាបន្ទាន់ពីបណ្តាស្ថាប័ន រាជរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធ សហគមន៍កម្ពុជា និងពីសំណាក់ដៃគូបច្ចុប្បន្ន និងដៃគូផ្សេងទៀតនៅថ្ងៃអនាគតទាំងអស់៕




