(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែតុលានេះថា គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានកើតឡើងនៅ ១១៧ ក្រុងស្រុកខណ្ឌ ក្នុង ២០ រាជធានីខេត្ត រួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។
របាយការណ៍បន្តថា រហូតដល់ថ្ងៃទី២៣ ខែតុលា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ប្រជាជនប្រមាណ ១៣៣ ៧៩៤ គ្រួសារ ស្មើប្រមាណ ៥៣៥ ១៧៦ នាក់។ ក្នុងនោះ ប្រជាជនជម្លៀស មានប្រមាណ ១១ ៦៤៧ គ្រួសារ ស្មើប្រមាណ ៤៦ ៥៥៨ នាក់។ ប្រជាជនស្លាប់ ៣៩នាក់។ ផ្ទះលិចទឹក ១១៧ ៨៨២ ខ្នង និងខូចខាត ៦៣ខ្នង។ សាលារៀនលិចទឹក ៩២៤ កន្លែង និងវត្តលិចទឹកប្រមាណ ៣០៥ កន្លែង។ ស្រូវលិចទឹក ប្រមាណ ២៦៣ ៩៣៣ ហិកតា និងដំណាំរួមផ្សំ លិចទឹក ៨៨ ៧៧៩ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៥៤៧ គ.ម និងផ្លូវលំជនបទលិចទឹកប្រមាណ ១ ៦៨៥ គ.ម៕




