(ភ្នំពេញ)៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានីខេត្ត និងអង្គភាពវិស្វកម្ម ស្តីពីស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ មានខេត្តចំនួន២៤ រាជធានីខេត្ត ដែលទទួលរងនូវការជន់លិច ក្នុងនោះរួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ សៀមរាប រតនគិរី រាជធានីភ្នំពេញ កំពង់ចាម កំពត តាកែវ ស្វាយរៀង ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ដោយឡែកខេត្តចំនួនមួយគឺខេត្តក្រចេះ មិនទាន់មានរងផលប៉ះពាល់នៅឡើយទេ។
លើសពីនេះទៀត ទំហំនៃការជនលិចលើហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងផលប៉ះពាល់មានចំនួន១៨៧ខ្សែ មានចំនួន ៥៣៨កំណាត់ និងមានប្រវែងសរុប ៦៦២គីឡូម៉ែត្រ ស្ពានចំនួន ៥កន្លែង ស្ពានបេតុង៤កន្លែង ស្ពានឈើ ១កន្លែង មានប្រវែងសរុប២៦១ម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញបន្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងចែកអំណោយដល់គ្រួសាររងគ្រោះ ចំនួនមួយម៉ឺនគ្រួសារនៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានទាំងអស់ ដែលបានខូចខាតដោយទឹកជំនន់នៅទូទាំងប្រទេស ធ្វើការជួសជុលជាបន្ទាន់ ក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ៕




