(ខេត្តបន្ទាយមានជ័យ)៖ ដូចការគ្រោងទុក នៅម៉ោងជាង ៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលមកជួបសម្តេចតេជោ ហ៊ុន សែន នាពេលនេះ មកពីស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ១ម៉ឺនគ្រួសារ។ កាលពីម្សិលមិញ សម្តេច បានផ្តល់ជូនអំណោយដល់ប្រជាពលពលរដ្ឋ ១ម៉ឺនគ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នៅពេលចាប់ផ្តើមសំណេះសំណាលសួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពិធីជួបជុំនាព្រឹកនេះ សម្តេច នឹងវិលត្រឡប់ទៅភ្នំពេញ ដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ថវិកាជាតិ ឆ្នាំ២០២១។ បន្ទាប់ពីកិច្ចប្រជុំ សម្តេច នឹងវិលត្រឡប់ មកកាន់ខេត្តបន្ទាយមានជ័យវិញ ដើម្បីបន្តជួបសួរសុខទុក្ខ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណ ២ម៉ឺនគ្រួសារទៀត។
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយ ក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិច ដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។
ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះ បានរងការជន់លិចធ្ងន់ធ្ងរ រួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៨នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ២២ ១៧៨គ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាព ៣ ៥៤៥គ្រួសារ, លិចសន្ទូង ៤៩ ៣៤៣ហិកតា, លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀន ជាដើម៕



