(ភ្នំពេញ)៖ មួយថ្ងៃ មុនខួបលើកទី២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចង់បាន តែអ៊ុនតាក់ សម្រេចមិនបាន គឺចាយលុយអស់ជាង ២ពាន់លានដុល្លារ ដកត្រឡប់ទៅវិញ ទុកឲ្យកម្ពុជា នៅបន្តសង្គ្រាម «ប្រទេស១ តំបន់ត្រួតត្រា២ និងរដ្ឋាភិបាល២»។
ក្នុងពេលអញ្ជើញបន្តជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «នៅថ្ងៃស្អែកនេះ ជាខួបលើកទី២៩ នៃកិច្ចព្រមព្រៀងប៉ារីស។ យើងក៏អនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស បាន។ ប៉ុន្តែអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចង់បាន តែអ៊ុនតាក់ មិនអាចសម្រេចបាន គឺក្រោយពេលអ៊ុនតាក់ ចាយលុយអស់ជាង ២ពាន់លានដុល្លារ ដកត្រឡប់ទៅវិញ ទុកឲ្យកម្ពុជា នៅបន្តសង្គ្រាម «ប្រទេស១ តំបន់ត្រួតត្រា២ និងរដ្ឋាភិបាល២»។ ត្រូវចាំអាកន្លែងហ្នឹង!»។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកបន្ថែមថា «មុនការបោះឆ្នោត ឆ្នាំ១៩៩៣ ប្រទេសកម្ពុជា មានតំបន់ត្រួតត្រា៤។ ត្រួតត្រាដោយរដ្ឋាភិបាល ពេលនោះ ជាសាធារណរដ្ឋកម្ពុជា ក្រោយមកជា រដ្ឋកម្ពុជា ដែលមានខ្ញុំ ជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស។ តំបន់នេះ ( ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ) គ្រប់គ្រងដោយហ្វ៊ុនស៊ិនប៉ិច។ តំបន់ម្ខាងទៀត ( ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ) គ្រប់គ្រងដោយលោកតា សឺន សាន។ ( តំបន់មួយទៀត គ្រប់គ្រងដោយខ្មែរក្រហម )។ យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុញ្ញាតឲ្យភាគី ៣ ចូលរួមការបោះឆ្នោត ធ្វើរដ្ឋាភិបាល។ ប៉ុន្តែអ៊ុនតាក់ ចាយលុយ ២ពាន់លាន! អត់ធ្វើអីខ្មែរក្រហម បានទេ! អីចឹង នៅសល់តែនយោបាយឈ្នះឈ្នះតែប៉ុណ្ណឹង!»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «នយោបាយឈ្នះឈ្នះនេះ ជាឱសថទិព្ធ ដែលធ្វើឲ្យកម្ពុជាមានសង្គ្រាមមិនចេះចប់មិនចេះហើយ រាប់រយឆ្នាំ បានបញ្ចប់នៅក្នុងឆ្នាំ១៩៩៨ ដែលឥឡូវ យើងយកថ្ងៃទី២៩ ខែធ្នូ ជាទិវារម្លឹកនៃការបញ្ចប់សង្គ្រាម និងការឯកភាពទឹកដី ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ»។
កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា ហៅកាត់ថា "
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស" ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កិច្ចព្រមព្រៀងនេះ បានឈានដល់ការបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ។
សូមរម្លឹកថា កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា ឬហៅកាត់ថា "កិច្ចព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១" ចុះហត្ថលេខាដោយភាគីខ្មែរ ចំនួន ៤ភាគី រួមមាន៖ ១-សាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ២-ចលនាហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ៣-រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ KNPLF ដឹកនាំដោយសម្តេច សឺន សាន និង៤-ភាគីខ្មែរក្រហម ដឹកនាំដោយលោក ខៀវ សំផន។
ក្រៅពីនោះ ក៏មានរដ្ឋាភិបាលចំនួន ១៩ ប្រទេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រួមមាន៖ ១-អូស្ត្រាលី ២-ប្រ៊ុយណេ ៣-កាណាដា ៤-ចិន ៥-បារាំង ៦-ឥណ្ឌា ៧-ឥណ្ឌូនេស៊ី ៨-ជប៉ុន ៩-ឡាវ ១០-ម៉ាឡេស៊ី ១១-ហ្វីលីពិន ១២-សិង្ហបុរី ១៣-ថៃ ១៤-សូវៀត ១៥-ចក្រភពអង់គ្លេស ១៦-សហរដ្ឋអាមេរិក ១៧-វៀតណាម ១៨-យូហ្គោស្លាវី និង១៩-អគ្គលេខាធិការអង្គការសហប្រជាជាតិ។
កិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ជាទិវាជាប្រវត្តិសាស្ត្រ ដែលនាំមកនូវការបញ្ចប់ជម្លោះផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកកម្ពស់សិទ្ធិមនុស្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
កិច្ចព្រមព្រៀងនេះ ផ្តើមចេញពីជំនួបជាប្រវត្តិសាស្ត្រលើកទី១ រវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS និងលើកទី២ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE នៅប្រទេសបារាំង។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ នាំឲ្យកម្ពុជាយើង ឈានដល់ការបោះឆ្នោតជាតិ រៀបចំដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣។
ក៏ប៉ុន្តែជម្លោះស៊ីវិលរវាងខ្មែរ និងខ្មែរ មិនទាន់បញ្ចប់ទេ ដោយសារតែការបោះឆ្នោតនោះ ភាគីខ្មែរក្រហម មិនចូលរួមការបោះឆ្នោត ហើយបន្តបោះជំរុំជាកម្លាំងឧទ្ទាមក្នុងព្រៃ នៅខេត្តជាប់ព្រំដែនថៃ ដោយសូម្បីតែកងកម្លាំងអ៊ុនតាក់ ក៏មិនអាចចូលទៅក្នុងទឹកដី ដែលកាន់កាប់ដោយខ្មែរក្រហមបានឡើយ។
យ៉ាងណាក៏ដោយ សង្គ្រាមស៊ីវិល នៅកម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលកងកម្លាំងអតីតខ្មែរក្រហម ដឹកនាំដោយនួនជា ខៀវសំផន និងអៀងសារី បានមកចុះចូលដល់ផ្ទះរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨៕




