(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពឲ្យលើកពេលលើការប្រមូលពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត ហើយអាចអនុវត្តរហូតដល់ដើមឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
អគ្គនាយកដ្ឋានពន្ធដាបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចឲ្យពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។
សូមជម្រាបថា កន្លងមក សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកឧកញ៉ា លី ហួរ ជាប្រធានរួមជាមួយសមាគមមួយចំនួនទៀតបានកោះប្រជុំបច្ចេកទេស និងបានរួមគ្នាធ្វើលិខិតទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីស្នើសុំគោលការណ៍ពន្យាពេលអនុវត្តប្រកាសស្តីពីការប្រមូលពន្ធលើចំណេញមូលធននេះ៕




