(ភ្នំពេញ)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកជាថ្មីដល់ជនរួមជាតិជានិច្ច ពីការការពារ ជំងឺវីរុសកូវីដ-១៩ និងសូមឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។
ទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានសរសេរថា៖
សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកនៅទូទាំងពិភពលក គឺបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ ទម្លាប់ធ្វើការងារ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែលយើងមិនធ្លាប់មានពីមុនដូចជាការពាក់ម៉ាស់ និងនៅឆ្ងាយគម្លាតដាច់ពីគ្នាជាដើម…។
ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយឆ្លងរីករាលដាលលឿន សូម្បីតែប្រធានាធិបតីអាមេរិកក៏មានឆ្លងជំងឺនេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល នឹងពាក់ម៉ាសទៅតាមស្ថានភាពនឹងតម្រូវការចាំបាច់ជាក់ស្តែង។ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ អោយសោះ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ធ្វើដំណើរមានសុវត្ថិភាព និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងថ្ងៃចុងសប្តាហ៍៕



