(កែប)៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញទៅពិនិត្យដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅសាលាសង្កាត់ព្រៃធំ ក្រុងកែប។
នៅក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ និងមន្រ្តីក្រុមចុះឈ្មោះបោះឆ្នោត ដោយណែនាំដល់ក្រុមចុះឈ្មោះបោះឆ្នោតទាំងអស់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនីមួយៗ ព្រមជាមួយនេះ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុទាំងអស់ទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ/សង្កាត់របស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍បន្ថែមទៀតថា ការចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គមប្រកាន់លិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាចជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឬអ្នកដឹកនាំប្រទេស ដោយការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានលក្ខណៈជាសកលផង និងលក្ខណៈជាអសកលផង។
ព្រមជាមួយនេះ ឯកឧត្តម សោម ពិសិដ្ឋ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រញាប់រួសរាន់ទៅធ្វើការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យចុះឈ្មោះគ្រប់ឃុំ សង្កាត់របស់ខ្លួនផងដែរ ព្រោះថាដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ មានរយៈពេលតែ១៩ថ្ងៃប៉ុណ្ណោះ គឺគិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយក្នុងករណីមានចម្ងល់ រឺបញ្ហាផ្សេងៗ សូមប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលបងប្អូនរស់នៅ ឬក្រុមការងារពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅតាមបណ្តាឃុំ សង្កាត់របស់ខ្លួន៕




