(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សាលារៀន គឺជាកោសិកាស្នូលនៃប្រព័ន្ធអប់រំ។ សាលារៀនល្អ គឺសាលាដែលគណៈគ្រប់គ្រង និងគ្រូគោរពបានយ៉ាងពេញលេញនូវតម្លៃជាមូលដ្ឋាន មានបេសកកម្មច្បាស់លាស់ កំណត់នូវលទ្ធផលខ្ពស់ ដែលគ្រូ និងសិស្សត្រូវសម្រេចឱ្យបាន និងត្រូវមាននាយក ដែលមានសមត្ថភាពក្នុងការដឹកនាំអនុវត្តនូវទស្សនវិស័យនេះ។ លទ្ធផលសិក្សារបស់សិស្សចំណុះឱ្យកត្តាធំៗចំនួន៤ គឺ៖ ១.នាយកល្អ,២.គ្រូល្អ, ៣.សិស្សល្អ, ៤.មាតាបិតា និងសហគមន៍ល្អ។
សាលារៀនត្រូវមានផែនការអភិវឌ្ឍសាលារៀន៖ ១.ការអនុវត្តកម្មវិធីសិក្សា និងរង្វាយតម្លៃសិក្សា ២.ការចូលរួមរបស់មាតាបិតា និងសហគមន៍, ៣.ការបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យ សិស្សទទួលជោគជ័យក្នុងការសិក្សា។
ការពង្រឹងគណនេយ្យភាពរបស់សាលារៀន គឺជាមធ្យោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីកែលម្អលទ្ធផលសិក្សារបស់សិស្ស៕



