(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានផ្ញើសារជូនពរប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងភរិយា ឲ្យឆាប់បានជាសះស្បើយ ក្រោយធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី០២ តុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារដោយរៀបរាប់យ៉ាងដូច្នេះថា៖
«ឯកឧត្តម ដូណាល់ ត្រាំ, ប្រធានាធិបតីសហរដ្ឋអាមេរិក, ជាទីស្រឡាញ់រាប់អាន, ខ្ញុំ និងភរិយា មានការយកចិត្តទុកដាក់ជាខ្លាំងក្រោយទទួលដំណឹងថា ឯកឧត្តមប្រធានាធិបតី ព្រមទាំងលោកជំទាវ ឆ្លងវីរុសកូវីដ-១៩ ហើយក៏ស្របពេលដែលសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល កំពុងប្រយុទ្ឋប្រឆាំងនិងជំងឺដ៏កាចសាហាវនេះ រួមទាំងការដោះស្រាយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងកម្រឹតជីវភាពរបស់ប្រជាជនជាដើម»។
សម្តេច ហ៊ុន សែន បានថ្លែងបន្តថា៖ «ខ្ញុំ និងភរិយា សូមជូនស័ព្ទសាធុការពរជ័យដ៏បវរ សូមឯកឧត្តម និងលោកជំទាវ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូណ៌ឡើងវិញ។ សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។



