អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីដើម្បីសាងសង់ដំបូលផ្សារសំរោងយ៉ោងថ្មី​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(តាកែវ)៖ នៅព្រឹកថ្ងៃសៅរ៍ទី៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកអភិបាលរងខេត្ត មន្រ្តីជំនាញ លោក ភួន ឈីម អភិបាលស្រុកបាទី លោក លោកស្រីអភិបាលរងស្រុក ព្រមទាំងមន្រ្តីរាជការរដ្ឋបាលស្រុក និងបងប្អូនក្រុមអាជីវករ បានចូលរួមរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ សម្រាប់ការសាងសង់ដំបូលផ្សារសំរោងយ៉ោងថ្មី ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសចុះអុសធូបរៀបចំពិធីសែនក្រុងពាលីនេះដែរ ឯកឧត្តម អ៊ូច​ ភា អភិបាលខេត្ត ក៏បានណែនាំដល់មេការ ជាង ទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើពិនិត្យ និងតាមដានគុណភាពសំណង់ ឲ្យបានត្រឹមត្រូវតាមស្ដង់បច្ចេកទេស ព្រមទាំងពន្លឿនការសាងសង់ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឲ្យបានបងប្អូនក្រុមអាជីវករចូលដូរវិញបានឆាប់រហ័ស។

សូមបញ្ជាក់ដែរថា ចំពោះការសាងសង់ដំបូលផ្សារសំរោងយ៉ោងថ្មីនេះ គឺក្រោមការជួយឧបត្ថម្ភរបស់ ឯកឧត្តម​ កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ​ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរប៉ុណ្ណោះអាសន្ន។

គួររម្លឹកដែរថា អគ្គិភ័យបានឆាបឆេះផ្សារសំរោងយ៉ោង នៅស្រុកបាទី កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បំផ្លាញតូបរបស់អាជីវករអស់ ២៣០តូប គិតជាទឹកប្រាក់ជាង ២លានដុល្លារ និងសមត្ថកិច្ចបានប្រើប្រាស់ទឹកជិត ១០០ឡាន ទើបគ្រប់គ្រងបាន។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យទាំងអស់នោះរួមមាន៖ មកពី ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១១គ្រឿង, អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៤គ្រឿង, កងពលតូចលេខ៧ ចំនួន០៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន០២គ្រឿង, អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០៣គ្រឿង និងស្រាបៀកម្ពុជា ចំនួន០១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី