(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលានេះ បានប្រកាសថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ បាននិងកំពុងបន្តអូសបន្លាយពីលើកម្ពុជា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាង ទន្លេមេគង្គ ក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ថ្ងៃខាងមុខក្នុងនោះ៖
- នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥០ម៉ែត្រ។
- នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០,០០ ម៉ែត្រ។
- នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ម៉ែត្រ។
តែយ៉ាងណា បើការបញ្ជាក់របស់ក្រសួងធនធានទឹក ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ។ បែបនេះក្តី ក្រសួងអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕



