(កូរ៉េ)៖ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែតុលានេះ បានជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីកូរ៉េ Chung Sye-kyun ដែលជំនួបនេះបានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីត១៩។
ឯកឧត្តមបានឲ្យដឹងថា បន្ថែមពីនេះកិច្ចការងារសហប្រតិបត្តិការលើវិស័យកសិកម្មក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង
សហព័ន្ធកសិកម្មជាតិកូរ៉េ NongHyup (NH) និងភាគីកម្ពុជា ដើម្បីប្រែក្លាយវិបត្តិពិភពលោកកូវីដ១៩ នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។
ក្នុងជំនួបនេះដែរ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីមានកិត្តិយសដោយបានទទួលអាហារថ្ងៃត្រង់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីដើមខែកុម្ភៈកន្លងមកនេះ ដោយសម្ដេចតេជោគឺជាភ្ញៀវបរទេសទី ១ ពេលដែលគាត់ទើបទទួលតំណែងជានាយករដ្ឋមន្ត្រី។ លោកនាយករដ្ឋមន្ត្រីមានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជា ដែលកាលពីឆ្នាំ២០១៣ បានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរដល់ការអនុវត្តនូវដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាជាទៀតទាត់។
គួរបញ្ជាក់ឲ្យដឹងផងដែរថា សហព័ន្ធកសិកម្មជាតិកូរ៉េ NH (NongHyup) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ខណៈដែលខ្លួនមានសហករណ៍ជាសមាជិកចំនួន ១១១៥ ដែលតំណាងឱ្យកសិករជាសមាជិកជាង ២,៤ លាននាក់នៅក្នុងប្រទេសកូរ៉េ៕




