(ខេត្តកំពង់ស្ពឺ)៖ ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្ត្រ នាវេលាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្ត្រី នៃក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្ត្ររងគ្រោះ ដោយគ្រោះទឹកជំនន់ ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៤៧៦គ្រួសារ ស្ថិតក្នុងសង្កាត់កណ្តាលដុំ ក្រុងច្បារមន និងឃុំតាំងក្រូច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលចែកជូនប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ នាពេលនេះ គឺគ្រួសារនីមួយៗ ទទួលបានអង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០ម៉ឺនរៀល៕




