(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃ១៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះដោយផ្ទាល់ និងបាននាំនូវអំណោយជាអង្ករ និងសម្ភារ មកឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ជាមួយគ្នានោះ ឯកឧត្តមហ៊ុន ម៉ានី ព្រមទាំងក្រុមការងារក៏បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងជួបពិភាក្សាស្វែងយល់ពីស្ថានភាពទឹកជំនន់ វិធានការដោះស្រាយឆ្លើយតបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការជួយប្រជាពលរដ្ឋ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់អំណោយដ៏មានតម្លៃនៅពេលនេះ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ សម្ភារៈផ្តល់ជូនទាំងនោះរួមមាន៖ មី ត្រីខ ទឹកសុទ្ធ ទឹកក្រូច ថ្នាំប៉ារ៉ាសេតាម៉ុល ថ្នាំមុលទីវីតាមីន និងអង្ករ៕




