មន្ទីរ​សុខាភិបាល ចុះ​បាញ់ថ្នាំ​សម្លាប់​មូស និង​សត្វល្អិត នៅ​តំបន់​សង្ស័យថា មាន​ជំងឺ​គ្រុន​ឈី​ក ម្តុំ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ បាន​ចុះ​បាញ់ថ្នាំ សម្លាប់​មូស និង​សត្វល្អិត នៅ​តំបន់​សង្ស័យថា មាន​ជំងឺ​គ្រុន​ឈិ​ក នៅក្នុង​សង្កាត់​អូរ​បែកក្អម នៅ​ភូមិ​ទ្រុងមាន់ និង​តំបន់ ១​ចំនួន​ក្បែរ​ទីតាំង​នោះ​។ នេះ​បើតាម​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​

​អន្តរាគមន៍​របស់​ក្រុមគ្រូពេទ្យ​ខាងលើនេះ បានធ្វើ​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ រាយការណ៍​តាម​ហ្វេ​ស​ប៊ុ​កថា ជំងឺ​គ្រុន​ឈី​ក កំពុង​ផ្ទុះឡើង នៅ​តំបន់​ទ្រុងមាន់ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ម្តុំ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​។​

​ទទួលបាន​ដំណឹង​នេះ ភ្លាម លោកជំទាវ ឱ វណ្ណឌី​ន បាន​ចាត់​ឲ្យ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ភ្លាម​។​

​របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួងសុខាភិបាល បាន​បង្ហាញថា ក្នុង​រយៈពេល ៩​ខែ នៅ​ឆ្នាំ​២០២០​នេះ ជំងឺ​គ្រុន​ឈី​ក ត្រូវបាន​រកឃើញ​យ៉ាងហោចណាស់​ជាង ២០០០ ករណី នៅក្នុង​ខេត្ត ចំនួន ១៥​។ ខេត្ត​ចំនួន ៥ ដែល​ផ្ទុះ​ជំងឺ​គ្រុន​ឈី​ក ខ្លាំងជាងគេ គឺ​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកណ្តាល និង​ខេត្ត កំពង់ឆ្នាំង​។ ប៉ុន្តែ​មិនមាន​អ្នកស្លាប់ ដោយសារ​ជំងឺ​គ្រុន​ឈី​ក​ទេ​។ 

​ជំងឺ​គ្រុន​ឈី​ក មាន​អាកា​រៈ និង​ឆ្លង​ដូច​ជំងឺគ្រុនឈាម​ដែរ គឺ​កើតឡើង ដោយសារ មូស​ខ្លា​ញី​ខាំ​។ ដូច្នេះ គេ​ត្រូវ​លុបបំបាត់​សំបក​កំប៉ុង សំបក​ដូង សំបក​កង់ឡាន កន្លែង​ដក់​ទឹក កាប់ និង​ជម្រះ​ព្រៃ​ស៊ប់​ទ្រប់ អនាម័យ​សណ្តាប់ធ្នាប់ ក្នុងផ្ទះ​សម្បែង ទុកដាក់​របស់របរ ជាពិសេស​សម្លៀកបំពាក់ ឱ្យមាន​សណ្តាប់ធ្នាប់ ស្លៀកពាក់​ខោ អាវ ដែលមាន​ដៃ ជើងវែង និង​ទទួលទានដំណេក​ក្នុង​មុង​ជ្រក់ថ្នាំ ជាដើម​។ 

​គ្រូពេទ្យ​បាន​ផ្តាំ​ថា នៅពេល​មាន​នរណាម្នាក់​ក្តៅខ្លួន ចាប់ពី ៣៧ , ៥ អង្សា​ឡើងទៅ ត្រូវ​ប្រញាប់​យកទៅ​មន្ទីរពេទ្យ​រដ្ឋ កុំឱ្យ​ហួស​ពី ២៤ ម៉ោង ហើយ​ត្រូវ​ចៀសវាង​ដាច់ខាត កុំ​ព្យាយាម​រក​ការព្យាបាល​ដោយ​ខ្លួនឯង រួមទាំង​ការ​ផ្សំ​ថ្នាំ នៅតាម​កន្លែង​លក់​ថ្នាំពេទ្យ ដោយ​គ្មាន​វេជ្ជបញ្ជា​៕​

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី