(អន្តរជាតិ)៖ មេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារជូនពរ ដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។
លោក គីម បានជូនពរលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ លោកស្រី មេឡានៀ ត្រាំ ឱ្យឆាប់ជាពីជំងឺ COVID-19 ហើយគាត់ជឿជាក់ថា អ្នកទាំងពីរនឹងឆ្លងផុតពីជំងឺដ៏សាហាវនេះបាន។
រំលឹកដែរថា លោក ត្រាំ និងលោក គីម បានបើកកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៨ និង២០១៩ ហើយបានបន្តផ្លាស់ប្តូរសារ ទោះបីខ្វះការរីកចម្រើនលើកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ សារចុងក្រោយរបស់លោក គីម ជុងអ៊ុន ហាក់ដូចជាបង្ហាញថា មេដឹកនាំទាំង ២ នៅតែមានទំនាក់ទំនងល្អដដែល ទោះបីចរចាគ្នាមិនដែលត្រូវក៏ដោយ៕



