ព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ នរោត្តម សីហនុ ខួប​គម្រប់ ៨​ឆ្នាំ ប្រារព្ធ​នៅ​ព្រះ​បរម​រូប នៅ​សួនច្បារ​វិមានឯករាជ្យ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដូច​កម្មវិធី​ដែល​បានគ្រោង​ទុក នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ នរោត្តម សីហនុ ខួប​គម្រប់ ៨​ឆ្នាំ បាន​ប្រារព្ធ នៅ​ព្រះ​បរម​រូប នៅ​សួនច្បារ​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ​។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​ស្ថាប័ន​ជាតិ​សំខាន់ៗ បាន​ចូលរួម​ពិធី​ប្រចាំឆ្នាំ នា​ព្រឹក​នេះ​។​ ព្រះអង្គ បានយាងចូល​ទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ព្រះវស្សា។

.​ព្រះរាជ​ជីវប្រវត្តិ​សម្តេចព្រះ នរោត្តម សីហនុ​៖

​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែកត្តិក ឆ្នាំច ចត្វា​ស័ក ព​.​ស​២៤៥៦ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចាប់ពី​ឆ្នាំ​១៩៣០ ដល់ ឆ្នាំ​១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា FRA-NCOIS BAUDOIN និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រាជធានី​ភ្នំពេញ​។ បន្ទាប់មក​ព្រះអង្គ​បាន​ជ្រើស តាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះ​អង្គជា​ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា នៅ​រាជធានី ភ្នំពេញ​។ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​១៩៤១​។​

​នៅ​ឆ្នាំ​១៩៤៧ ព្រះអង្គ​បាន​យាង​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​បារាំង តាម​ការ អញ្ជើញ​របស់លោក​ប្រធានាធិបតី FELIX GOUIN និង​បាន​ជួប​លោក​ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល (CHARLES de GAULLE) នៅ COLOMBEY​។ នៅ​ឆ្នាំ​១៩៤៦ និង​ឆ្នាំ​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់​នៅ​សាលាអនុវត្តន៍​ទ័ព​សេះ និង​កងទ័ព​រថពាសដែក នៅ​សូ​មៀរ (SAUMBUR) ប្រទេស​បារាំង​។​

​ឆ្នាំ​១៩៤៧ ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ​ក្នុង ការទាមទារ​ឱ្យ​រាជាណាចក្រ​ថៃឡង់​ដ៍ សង​មក​រាជាណាចក្រ​កម្ពុជា​វិញ ជាដាច់ខាត​នូវ​ខេត្ត ខ្មែរ ដែល​ក្នុងពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់​ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្តបាត់ដំបង សៀមរាប កំពង់ធំ និង​ខេត្តស្ទឹងត្រែង​។​

​ឆ្នាំ​១៩៤៩ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បានទាមទារ​ឱ្យ​បារាំង បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។ 

​នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថ​ខា​លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់ នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ សន្ធិសញ្ញា​ឆ្នាំ ១៩៤៩ នេះ​លុបចោល​នូវ​សន្ធិ​ញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។ 

​ពី​ឆ្នាំ​១៩៥២ ដល់ ឆ្នាំ​១៩៥៣ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​បំពេញ ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ ជូន​មាតុភូមិ​។​

​នៅ​ថ្ងៃទី​៩ ខែ​វិ​ច្ជិ​កា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ ព្រះរាជា ណា​ចក្រ​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំំ​ង​ស្រុង​ពី​សាធារណរដ្ឋ​បា​រាំំ​ង​។ ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំំ​ង ប្រទេស​សូម​ថ្វាយ​ព្រះកិត្តិនាម​ព្រះ​អង្គជា «​ព្រះមហា​វីរបុរស​ជាតិ​-​ព្រះបិតា​ឯករាជ្យ​ជាតិ​»​។​

​ឆ្នាំ​១៩៥៤ ព្រះអង្គ​បាន​បញ្ជូន​រាជ​គណៈប្រតិភូ ជា​តំណាង​របស់​ព្រះអង្គ​ទៅ​ចូលរួម​នៅ ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​ឥណ្ឌូចិន​នៅ​ទីក្រុង​ហ្សឺ​ណែវ (GENEVE) ដែលមាន​ប្រទេស កម្ពុជា​ចូលរួម​ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ ឯកភាព​ជាតិ​។​

​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ បានដាក់​រាជ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សុរាម្រិត ជា​ព្រះ​រាជបិតា​។ ព្រះ ករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សុរាម្រិត ជា​ព្រះ​រាជបិតា ព្រះអង្គ​បាន​ប្រទាន​ចំពោះ​ព្រះ ករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ នូវ​ព្រះ​បរម​ងារ​ជា «​សម្តេចព្រះ​ឧបយុវរាជ នៃ​ព្រះ រាជ​ណា​ចក្រ​កម្ពុជា​»​។​

​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បាន បង្កើត​ចលនា​សង្គមរាស្ត្រនិយម ដែល​គណបក្ស​ជាច្រើន​បាន​ចូលរួម​ក្នុង​ចលនា​នោះ​។ ពីថ្ងៃ ទី​១៨ ដល់ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​យាង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​អាហ្វ្រិក​-​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​បាន់ ឌុ​ង (​ប្រទេស​ឥណ្ឌូណេស៊ី​) ហើយ​នៅ​ទីនោះ​ព្រះអង្គ​បានប្រកាស​ពី​នយោបាយ​អព្យាក្រឹត ក្នុង ឯករាជ្យ​ទាំងស្រុង និង​សន្តិ​សហ​វិជ្ជមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ទាំង អស់​ដោយ​មិន​គិតពី​មនោគមវិជ្ជា​ឡើយ​។​

​ព្រះអង្គ​បាន​ជួប​ជា​លើកដំបូង​ជាមួយនឹង​លោក ហ្ស​វ៉ា​ហារ​ឡា​ល់ នេ​រុ (JAWAHARLAL NEHRU) នាយ​រដ្ឋមន្ត្រី​ឥណ្ឌា លោក ហ្គា​ម៉ា​ល់ អាប់ ដែល ណា​ស្ស៊ែ​រ (GAMAL ABDEL NASSER) ប្រធានាធិបតី​សាធារណរដ្ឋ​អារ៉ាប់​រួម លោក អា​ម៉េ​ត ស៊ូ​ការ​ណូ (AHMED SUKARNO) ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ជូ អេ​ន​ឡាយ (ZHOU EN LAI ) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​១៩៥៥ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ បានទទួល​មហា​ជោគជ័យ​ក្នុងការ​បោះឆ្នោត​សភាជាតិ ដោយបាន​ការទទួល​គាំទ្រ​ពី​ប្រជា រាស្ត្រ​ខ្មែរ​ច្រើន​លើសលប់​។ ព្រះអង្គ​បានទទួល​ព្រះរាជ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ហើយ​ឋានៈ ជា​ប្រមុខ នៃ​ប្រជារាស្ត្រ​ខ្មែរ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​កិច្ចដឹកនាំ​ដើម្បី​អភិវឌ្ឍន៍​ព្រះរាជា​ណា ចក្រ​កម្ពុជា ជាទូទៅ​ក្នុង​គ្រប់​វិស័យ នៃ​ការកសាង​ជាតិ​របស់​ព្រះអង្គ ជាពិសេស​ការ​លើ​ស្ទួយ នារី​ឱ្យមាន​ភាពស្មើគ្នា​នឹង​បុរស​ក្នុង​ការងារ​។ 

​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​១៩៥៥ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ​។​

​នៅ​ឆ្នាំ​១៩៥៦ នៅ​ប្រី​យ៉ូ​នី (BRIONI) នៃ​សាធារណរដ្ឋ​សហព័ន្ធ​សង្គមនិយម​យូ​ហ្គោ​ស្លា​វី ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បានក្លាយ​ជា​បិតា​ស្ថាបនិក​ទី​៥ ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ដោយបាន​ឡាយព្រះហស្ថលេខា​លើ​ធម្មនុញ្ញ​នៃ​ចលនា​មិន​ចូល បក្សសម្ព័ន្ធ បន្ទាប់ពី​អ្នក​ផ្តួចផ្តើម​គំនិត​ដ៏​សំខាន់​៤ រូប​ទៀតៈ លោក ហ្សូ​ស៊ី​ប ប្រូស ទី​តូ (JOSIP BROZ TITO ) ប្រធានាធិបតី​យូ​ហ្គោ​ស្លា​វី លោក ហ្សា​វ៉ា​ហារ​ឡា​ល់ នេ​រុ ((JAWAHARLAL NEHRU) នាយ​រដ្ឋមន្ត្រី​ឥណ្ឌា លោក អា​ម៉េ​ត ស៊ូ​ការ​ណូ (AHMED SUKARNO) ប្រធានាធិបតី ឥណ្ឌូណេស៊ី និង​លោក ហ្គា​ម៉ា​ល់ អាប់​ដែល ណា​ស្ស៊ែ​រ (GAMAL ABDEL NASSER) ប្រធានាធិបតី​សាធារណរដ្ឋ​អារ៉ាប់​រួម​។​

​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៥៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ក្នុង​រាជ​ឋានៈ​ជា នាយករដ្ឋមន្ត្រី ព្រះអង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ សាធារណរដ្ឋ​ប្រជាមានិត ចិន និង​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ជាច្រើនរូប​មាន​ឯកឧត្តម​លោក​ប្រធាន ម៉ៅ សេទុង (MAO TSETUNG) ជាដើម​។ ព្រះអង្គ បាន​ឡាយព្រះហស្ថលេខា​លើ​សេចក្តីប្រកាស​រួម​ស្តីពី មិត្តភាព​កម្ពុជា​-​ចិន​។​

​នៅ​ឆ្នាំ​១៩៦០ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សុរាម្រិត ទ្រង់​សោយ​ព្រះ ទិវង្គត ពេលនោះ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ត្រូវបាន​សមាជិកសភា​ខ្មែរ បាន សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​ព្រះ​អង្គជា​ព្រះប្រមុខរដ្ឋ នៃ​ព្រះរាជណាចក្រ​កម្ពុជា​។ ក្នុង ព្រះរាជ​ឋានៈ​ព្រះអង្គ​បន្ត​ការដឹកនាំ​ប្រជារាស្ត្រ​ខ្មែរ ក្នុង​ព្រះរាជកិច្ច​កសាង​ជាតិ​មាតុភូមិ​យ៉ាង សកម្ម​ជាទីបំផុត​។​

ខែកញ្ញា ឆ្នាំ​១៩៦០ នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បានលើកឡើង​នូវ​ផែនការ​បង្កើតឡើង​អាស៊ីអាគ្នេយ៍​ជា តំបន់​អព្យាក្រឹត​រវាង​ប្លុក​មហា​អំណោយ​ទាំំ​ង​ពីរ​។​

​ខែកញ្ញា ឆ្នាំ​១៩៦១ តាម​ព្រះរាជតម្រិះ​ផ្តួចផ្តើម​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ សន្និសីទ​ជាតិ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវ (GENEVE) ដើម្បី ដោះស្រាយ​ទំនាស់​រវាង​ភាគី​ទាំំ​ង​៣ នៅ​ប្រទេស​ឡាវ​។ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​១៩៦១ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ បាន​បំពេញ​ព្រះរាជ​បេសកកម្ម នយោបាយ​ការទូត ដើម្បី​ទាមទារ​ប្រាសាទព្រះវិហារ ជា​សម្បត្តិ វប្បធម៌​បេតិកភណ្ឌ​ជាតិខ្មែរ មកវិញ​ពី​ប្រទេស​ថៃ ដោយ​តុលាការ​ទីក្រុង​ឡាអេ (LA HAYE) បាន សម្រេច​ប្រគល់​មក ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៦១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន យាង​ចូលរួម​ក្នុង​សន្និសីទ​កំពូល លើក​ទី​១ នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​បែ​ល​ក្រា​ដ​(BELG- RADE) នៃ​ប្រទេស​យូ​ហ្គោ​ស្លា​វី ដែលមាន​២៩ ប្រទេស​ចូលរួម​។ នៅ​ទីនោះ​ព្រះអង្គ​បាន​ថ្កោល ទោស​ចំពោះ​អំពើ​របស់​ពួក​អាណានិគមនិយម​ចក្រពត្តិនិយម និង​ការប្រកាន់​ពូជសាសន៍​។ នៅ​ខែមិថុនា ឆ្នាំ​១៩៦៤ លោក​ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល (CHARLES de GAULLE) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​បានរៀបចំ​បដិសណ្ឋារកិច្ច​ជា​ឧឡា​រិ​ក​ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ នៅ​ទីក្រុង​ប៉ារីស​។​

​លោក​ប្រធានាធិបតី​បានទទួល​ដោយស្មោះ​សរ នូវ​សំណើ​របស់​ភាគី​កម្ពុជា ស្តីពី​ការទទួលស្គាល់​អា​ព្យា​ក្រឹ​ត​ភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ចុងខែ​សីហា និង​ដើមខែ​កញ្ញា ឆ្នាំ​១៩៦៦ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បានរៀបចំ​បដិសណ្ឋារកិច្ច​ទទួល​ជា​¬​ឧឡា​រិ​ក លោក​ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល (CHARLES de GAULLE) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ដែល​បានមក​បំពេញ​ទស្សន កិច្ច​ជា​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ 

​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​១៩៦៦ នៅក្នុង​សុន្ទរកថា ដែល​ថ្លែង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក​ភ្នំពេញ លោក​ប្រធានាធិបតី បាន​គាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី អា​ព្យា​ក្រឹ​ត សន្តិភាព​នៃ​ខ្លួន​។ 

​ពីថ្ងៃ​ទី​២៦ ខែវិច្ឆិកា ដល់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​១៩៦៦ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ក្នុងសម័យ​សង្គម​រាស្ត្រ​ខ្មែរ​បាន​ថ្វាយ ព្រះនាម​ព្រះអង្គ​ថា​ជា ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះបិតា​សិក្សាធិការ​ជាតិ ព្រះបិតា​សុខាភិបាល​ជាតិ ព្រះបិតា​កីឡា​ជាតិ ព្រះបិតា​ស្ថាបនា​ជាតិ សមិទ្ធផល​នានា ជាច្រើន​បាន​ត្រូវ​កសាងឡើង និង​ប្រារព្ធ​ព្រះ​រាជពិធី​សម្ពោធ​ជា​បន្តបន្ទាប់ សម្រាប់​ប្រជា រាស្ត្រ​ប្រើប្រាស់​នៅតាម​បណ្តា​ខេត្ត ក្រុង​នានា ជាពិសេស​មាន​សមិទ្ធផល​ធំៗ​មានដូចជា​៖

-​វិមានឯករាជ្យ​

-​វិមាន​រដ្ឋ​ចំការមន​

-​ចំណត​អាកាសយានដ្ឋាន អន្តរជាតិ​ពោធិចិនតុង​

-​ចំណត​អាកាសយានដ្ឋាន សៀមរាប​

-​ចំណត​អាកាសយានដ្ឋាន​បែក​ចាន ខេត្តបាត់ដំបង​

-​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ ក្រុងព្រះសីហនុ​

-​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​

-​សណ្ឋាគារ​ឯករាជ្យ ក្រុងព្រះសីហនុ​

-​សាល​មហោស្រព​ជាតិ ព្រះ​សុរាម្រិត ភ្នំពេញ​

-​សាលសន្និសីទ​ចតុម្មុខ​

-​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ភ្នំពេញ​

-​ស្ពាន​ព្រះមុនីវង្ស​ទី​២

-​ស្ពាន​សង្គមរាស្ត្រនិយម​ឆ្លងកាត់​ទន្លេសាប​

-​សាកលវិទ្យាល័យ​សង្គម​រាស្ត្រនិយម ភ្នំពេញ​

-​សាកលវិទ្យាល័យ​ភូមិន្ទ​បច្ចេកទេស​

-​សាកលវិទ្យាល័យ​ភូមិន្ទ​រដ្ឋបាល​

-​មហាវិទ្យាល័យ​នីតិសាស្ត្រ​និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​

-​មហាវិទ្យាល័យ​គរុកោសល្យ​

-​ពុទ្ធិក​សាល​វិទ្យាល័យ​ព្រះសីហនុ​រាជ​

-​មហាវិទ្យាល័យ​សិល្បៈ​ស្ថាបនា​

-​មហាវិទ្យាល័យ​សិល្បៈ​និង​មុខរបរ​

-​ពុទ្ធិក​សាល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​

-​សាកលវិទ្យាល័យ​ភូមិន្ទ​ក្សេត្រសាស្ត្រ​

-​សាកលវិទ្យាល័យ​ភូមិន្ទ​កំពង់ចាម​

-​សាកលវិទ្យាល័យ​ភូមិន្ទ​បាត់ដំបង​

-​សាកលវិទ្យាល័យ​ភូមិន្ទ តាកែវ កំពត​

-​រោងភាពយន្ត​រដ្ឋ​

-​ស្ថានីយទូរទស្សន៍​ខេមរភូមិន្ទ​

-​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​

-​រោងចក្រ​ចម្រាញ់​ប្រេងកាត ក្រុងព្រះសីហនុ​

-​រោងចក្រ​ស្រា​បៀរ ក្រុងព្រះសីហនុ​

-​រោងចក្រ នរោត្តម ដំឡើង​ត្រាក់ទ័រ និង​រថយន្ត​ធំ ក្រុងព្រះសីហនុ​

-​រោងចក្រ​ស្កសរ កំពង់ត្រាំ ខេត្តកំពង់ស្ពឺ​

-​រោងចក្រ​វាយ​ភ័​ណ្ឌ ខេត្តបាត់ដំបង​

-​រោងចក្រ​បាវ​ក្រចៅ ដូនទាវ ខេត្តបាត់ដំបង​

-​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង ខេត្តកំពត​

-​រោងចក្រ​កែវ​ជើងឯក រាជធានី​ភ្នំពេញ​

-​រោងចក្រ​ក្តារបន្ទះ​ដីឥដ្ឋ ខេត្តកណ្តាល​

-​រោងចក្រ​ក្រដាស​ឆ្លូង ខេត្តក្រចេះ​

-​រោងចក្រ​ជី​ហ្វូ​ស​ស្វាត​ទូក​មាស ខេត្តកំពត​

-​រោងចក្រ​កង់ឡាន​តាខ្មៅ ខេត្តកណ្តាល​

-​រោងចក្រ​ត្រីខ​ប្រអប់ ខេត្តកោះកុង​

-​រោងចក្រ​ផលិត​ជ័រកៅស៊ូ​ជប់ ខេត្តកំពង់ចាម​

-​រោងចក្រ​វា​រី​អគ្គិសនី​គីរីរម្យ​ខេត្តកំពង់ស្ពឺ និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​នៅតាម បណ្តា​ស្រុក ខេត្ត ក្រុង ដូចជា​សាលារៀន មន្ទីរ ពេទ្យ ទំនប់ទឹក ស្រះ​ទឹក ប្រឡាយ​ផ្លូវ ថ្នល់​ស្ពាន​ជាដើម​។​ល​។ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ក្នុងពេលដែល​ព្រះអង្គ បំពេញ​ព្រះរាជទស្សនកិច្ច​ជា​ផ្លូវ ការ​នៅ​សហភាពសូវៀត ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ត្រូវបាន​ទទួលរង គ្រោះ​ដោយ​រដ្ឋប្រហារ​មិន​ស្របច្បាប់ មួយ​នៅ​ភ្នំពេញ គឺជា​រដ្ឋប្រហារ​យោធា ដែលមាន លន់ នល់ ជា​មេក្លោង​។ សាធារណរដ្ឋ​របស់ លន់ នល់ ត្រូវបាន​បង្កើតឡើង​នៅ​ខែតុលា​ឆ្នាំ​១៩៧០​។ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៧០ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ អង្គជា​ព្រះប្រធាន​ចលនា​តស៊ូ​កម្ពុជា “​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​” (FUNC) ព្រមជាមួយ​នោះ​ក៏ មានការ​បង្កើត​រាជរ​ដ្ឋា​ភិ​បាល រួបរួម​ជាតិ​កម្ពុជា (KRUNK )​។​

​នៅ​ខែមេសា ឆ្នាំ​១៩៧០ នៅ​កង់​តុង សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រះ​អង្គជា​អ្នក​ផ្តួច ផ្តើម​នៃ​សន្និសីទ​កំពូល​របស់​ប្រជាជន​ឥណ្ឌូចិន ដែល​នៅ​ក្នុងនោះ​មានការ​ចូលរួម​ដោយ​អ្នក ដឹកនាំ​ពី​ប្រទេស​កម្ពុជា ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ដឹកនាំ​ដោយ​លោកនាយក រដ្ឋមន្ត្រី ផាំ វ៉ាន់ ដុង (PHAM VAN DONG ) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាងត្បូង ដឹក នាំ​ដោយ​លោក ង្វៀង ហ៊ី​វ ថ​(NGUYEN HUU THO) និង​ពី ណេ​វ ឡាវ ហាក់​សាត (NEO LAO HAKSAT) ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​ប្រធាន សុ​ផា​នុ​វង្ស (SOUPHANOUVONG)​។ ភាគី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​-​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាងត្បូង និង​ភាគី ណេ​វ ឡាវ ហាក់​សាត​(NEO LAO HAKSAT) បានប្រកាស​ជា​ឧឡា​រិ​កថា ប្រទេស​របស់ខ្លួន បានទទួល​ស្គាល់ និង​គោរព​ជា​ដរាប​បូរណភាព​ទឹកដី​ក្នុង​ព្រំដែន​បច្ចុប្បន្ន​របស់​ក​ម្ពុ​ជា​។​

​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​ប្រជាជន​រំដោះជាតិ​នៃ​រណសិរ្ស​រួបរួម​ជាតិ (FU- NC)​ដណ្តើមបាន​ជ័យ​ទាំំ​ង​ស្រុង​នៅ​កម្ពុជា​។ កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​បង្កើតឡើង ដែល មាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ជា​ព្រះប្រធាន​។ ប៉ុន្តែ​នៅ​ខែមេសា ឆ្នាំ ១៩៧៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​សព្វ​ព្រះ​ហឫទ័យ លា លែង​មុខតំណែង​ជា​ព្រះប្រធាន នៃ​កម្ពុជា​ប្រជាធិបតេយ្យ​នេះ ហើយ​ត្រូវបាន​ពួក​ខ្មែរក្រហម​ឃុំ ឃាំង​ព្រះអង្គ និង​សម្តេច​ព្រះរាជអគ្គមហេសី​ព្រមទាំង​ធ្វើ​គុត​ព្រះរាជ​បុត្រាបុត្រី​មួយចំនួន​ផង​។​

​នៅ​ឆ្នាំ​១៩៨២ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ត្រូវបាន​ជ្រើសតាំង​ជា ព្រះប្រធាន​កម្ពុជា​ប្រជាធិបតេយ្យ​ជា​លើក​ទី​២​។​

​ពី​ឆ្នាំ​១៩៨២ ដល់ ឆ្នាំ​១៩៩០ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ បាន​ខិតខំ​អស់ពី​ព្រះកាយពល ដើម្បី​បង្រួបបង្រួម​ភាគី​ជម្លោះ​កម្ពុជា​ទាំងអស់​រិះរក​នូវ​ដំណោះ ស្រាយ​នយោបាយ​សមស្រប​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា​។ ព្រះអង្គ​តែងតែ​ប្រទាន​ចំពោះ​ឯកឧត្តម លោក ហ៊ុន សែន និង​គណៈប្រតិភូ​នៃ​រដ្ឋ​កម្ពុជា​ចូល​ក្រាបថ្វាយបង្គំ​គាល់​ជា​បន្តបន្ទាប់​នៅ ប្រទេស​បារាំង​៖

-​នៅ​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​១៩៨៧ ជំនួប​ជា​លើក​ទី​១ នៅ Fre-en-Tardeniois ។​

-​នៅ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​១៩៨៨ ជំនួប​ជា​លើក​ទី​២ នៅ Saint- Germain-en-laye​។​

-​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៩១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បាន ទទួល​ពី​មេដឹកនាំ​នៃ​កម្ពុជា​ទាំង​៤ ភាគី​ដើម្បី​ប្រកាស​ជា​ឧឡា​រិ​ក នូវ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់ ហើយ​ទទួលស្គាល់​ការបញ្ឈប់​ជា​បណ្តោះ​អាន្ន​នូវ​ការបាញ់​គ្នា នៅក្នុង​ប្រទេស​កម្ពុជា​ទាំំ​ង​មូល និង​បញ្ឈប់​ការផ្តល់​ជំនួយ​យោធា អាវុធ ពី​ប្រទេស​ដទៃ​ដល់​កងទ័ព​កម្ពុជា​ទាំង​បួន​។ ទីក្រុង ភ្នំពេញ​ត្រូវបាន​ជ្រើស​ដោយ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​កម្ពុជា (SNC) ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ជាទី​ផ្លូវការ​អចិន្ត្រៃយ៍ និង​លេខា​ធិ ការដ្ឋាន​របស់​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា (SNC)​។​

-​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​១៩៩១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ អង្គ​បាន​យាង​ចាក​ចេញពី​ប្រធាន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​ចលនា​តស៊ូ​ជាតិ​កម្ពុជា​(CNR) ដើម្បី​ដាក់​ព្រះកាយ​ព្រះអង្គ​ពីលើ​ភាគី និង​ទស្សនៈ​នយោបាយ​កម្ពុ​ជានា​នា​។ ព្រះអង្គ​ត្រូវបាន សមាជិក​ទាំង​១១ នៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​កម្ពុជា (SNC) ជ្រើសតាំង​ជា​ឯកច្ឆន្ទ​ជា​ព្រះប្រធាន អព្យាក្រឹត នៃ​ក្រុមប្រឹក្សា​នេះ​។​

-​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​ឡាយព្រះហស្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ រួមមួយ​នៃ​ជម្លោះ​កម្ពុជា ជាមួយ​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​នៃ​កម្ពុជា​១១ រូប​ទៀត ជា មួយ​តំណាង​រដ្ឋាភិបាល​១៨ ប្រទេស និង​ជាមួយ​លោក​អគ្គលេខាធិការ នៃ​អង្គការ​សហ​ប្រជា ជាតិ​។​

-​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ យាង និវត្តន៍​មកកាន់​រាជធានី​ភ្នំពេញ​វិញ​ប្រកបដោយ​ជោគជ័យ និង​សុវត្ថិភាព​។ ក្រោយពី​មាតុភូមិ និវត្តន៍​របស់​ព្រះអង្គ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា ដែលមាន​ឯកឧត្តម​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ មន្ត្រី និង ឯកឧត្តម ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច ដែល មានព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ជា​ប្រធាន​គណបក្ស គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម ព្រះពុទ្ធសាសនា ដែលមាន​សម្តេច​បវរ​សេដ្ឋា សឺ​ន សាន ជា​ប្រធាន​គណបក្ស និង​ភាគី​កម្ពុជា ប្រជាធិបតេយ្យ ដែល​លោក ខៀវ សំផន ជា​ប្រធាន បានប្រកាស​ជា​បន្តបន្ទាប់​ជា​ផ្លូវការ និង​ជា លាយលក្ខណ៍អក្សរ​ថា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ នៅតែ​ជា​ប្រមុខរដ្ឋ ពេញលក្ខណៈ​ច្បាប់ នៃ​ប្រទេស​កម្ពុជា​ទាំំ​ង​មូល​ម្យ៉ាងទៀត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​ផ្លូវការ​នៅតែ​រក្ស​ទុក​តួនាទី​ជា​ប្រមុខរដ្ឋ​រហូតដល់​មានការ​បោះឆ្នោត​នៅ កម្ពុជា​ឆ្នាំ​១៩៩៣​។​

-​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បាន ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​រដ្ឋធម្មនុញ្ញ​ថ្មី នៃ​ព្រះ រាជា​ណា​ក្រ​កម្ពុជា ដែល​សភាធម្មនុញ្ញ​កម្ពុ​ជា​បានអនុម័ត​។​

-​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ មហា​មិ​ទិ្ទ​ង​មហាជន​មួយ ក៏ត្រូវ​បានរៀបចំ​ឡើង​ដោយ មាន​មហាជន​យ៉ាងច្រើន​កុះករ​ចូលរួម ដើម្បី​សម្តែង​មនោសញ្ចេតនា​អបអរ​គាំទ្រ​ស្វាគមន៍ ចំពោះ​រដ្ឋធម្មនុញ្ញ​ថ្មី និង​ព្រះ​ឋានៈ​ព្រះ​អង្គជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ដ៏​ឧ​ត្តុ​ង្គ ឧ​ត្ត​ម​ជាទីបំផុត​ក្នុងការ​បង្រួបបង្រួម​ជាតិ​តាំងពីដើម​រហូតមក​។ ព្រះអង្គ​បានឱ្យ​ចេញ​រូប​រាជ រដ្ឋាភិបាលចម្រុះ ដែលមាន​សហនាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៣ ហើយ​ជាពិសេស​ព្រះអង្គ​បាន បំពេញ​ព្រះរាជកិច្ច​ធ្វើឱ្យ​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច ចុះ ហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​ស្តីអំពី​គោលការណ៍​សហប្រតិបត្តិ​ការ ដែល​បានសម្រេច​ក្នុង កិច្ចប្រជុំ​កំពូល ក្រោម​ព្រះរាជធិបតីភាព នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា នៅ​មហា ប្រសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​ថ្ងៃទី​១២-១៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​១៩៩៨​។ ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំំ​ង ព្រះរាជាណាចក្រ​កម្ពុជា សូម​ថ្វាយ​អំណរ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ព្រ​រាជកិច្ច​ព្រះរាជកិច្ច​ព្រះ រាជកិច្ច​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​នេះ​។​

​ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង​ជាទី​សក្ការៈ ជា​ព្រះមហាវីរក្សត្រ មួយ​ព្រះអង្គ​ដែល តែងតែ​ប្រកាន់ខ្ជាប់​នូវ​ព្រះរាជកិច្ច​ប្រកបដោយ​ព្រះព្រហ្ម​វិហារធម៌​ដ៏​ឧត្តុង្គឧត្តម ចំពោះ​ប្រជា​នុ រាស្ត្រ​ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ​នៅ​ទូ​ទាំំ​ង​ព្រះរាជណាចក្រ​កម្ពុជា​។ តាំងពីដើម​រៀងមក ដល់​បច្ចុប្បន្ន ព្រះអង្គ​តែងតែ​បំពេញ​ព្រះរាជ​សកម្មភាព​សង្គមកិច្ច ដូចជា​កសាង​ព្រះវិហារ កុដិ សាលា​បុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូង ស្រះ​ទឹក សម្រាប់​ប្រគេន​ព្រះសង្ឃ និង​ជូន​ប្រជារាស្ត្រ​។ ព្រះអង្គ​បាន​ប្រោស​ព្រះរាជទាន និង​បន្ត​នូវ​ការ ប្រោស​ព្រះរាជទាន (​រៀងរាល់​សប្តាហ៍​) ព្រះរាជ​អំណោយ​ដល់​ប្រជានុរាស្ត្រ​ទីទ័លក្រ និង​ជីវ ភាពខ្វះខាត​ខ្លាំង​។​

​ព្រះរាជ​សកម្មភាព​ដ៏​ថ្លៃថ្លា​ខាងលើនេះ បានបង្ហាញ​ឱ្យឃើញ​នូវ​សច្ចធម៌​នៃ​ទសពិធ​រាជ ធម៌​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទី​សក្ការៈ ដែល​ព្រះអង្គ​បាន​នឹង​កំពុង​ប្រោស ព្រះរាជទាន​ដល់​ប្រជារាស្ត្រ​កម្ពុជា ដោយ​មិន​ប្រកាន់​ជាតិ​កំណើត ជំនឿ​សាសនា ពណ៌​សម្បុរ ឡើយ​។​

​ដោយសារ​សច្ចភាព​នេះហើយ ​ទើប​ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំំ​ង​ប្រទេស​ បាន​គាំទ្រ​ដោយឥត​សំចៃ​ថ្វាយ​ព្រះអង្គ ចំពោះ​ការយាង​គ្រង​រាជសម្បត្តិ​សារជាថ្មី​នៅ​ឆ្នាំ​១៩៩៣ ហើយ​ពុំ​ធ្លាប់ មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ​លោក​កន្លងមក​៕​

អត្ថបទដែលជាប់ទាក់ទង
ជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវជាង ១៣ម៉ឺនហិកតា​ ក្នុងនោះខូចខាតទាំងស្រុង​ជាង ៦ពាន់​ហិកតា​ ភាគច្រើននៅខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
NEWS UPDATE: ព្យុះទី១៧ ឈ្មោះ សូឌែល ​នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើនទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា​
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ "​ព្រះ​បរម​រតន​កោដ្ឋ​"
ព័ត៌មានជាតិ
លោក​ឧកញ៉ា លី ហួរ ចូលរួម​រំលែក​មរណ​ទុក្ខ​ក្រុមគ្រួសារ​នៃ​សព​លោកជំទាវ​ឧកញ៉ា​បណ្ឌិត កែវ ម៉ាលី​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ប្រជារាស្ត្រ​ទូទាំងប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ​
ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ រៀបចំ​ពិធី​គោរពព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី