(ខេត្តកំពង់ស្ពឺ)៖ នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្ត បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ពិធីគោរពវិញ្ញាណក្ខន្ធ ដែលចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោកអភិបាល ក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ បានធ្វើឡើង នៅលើផ្លូវ មុខសាលាខេត្តកំពង់ស្ពឺ។
ដោយឡែក នៅថ្នាក់ជាតិ គឺនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ ខួបគម្រប់ ៨ឆ្នាំ ក៏បានប្រារព្ធ នៅព្រះបរមរូប នៅសួនច្បារវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងស្ថាប័នជាតិសំខាន់ៗ បានចូលរួមពិធីប្រចាំឆ្នាំ នាព្រឹកនេះ។
ប្រសូត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ បានសោយទិវង្គត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម ៩០ព្រះវស្សា៕




