(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា រួមជាមួយនឹងឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាលេខាគណៈកម្មការ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងស្តាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយម អំពីការវិវត្តនៃស្ថានភាពទឹកទូទាំងខេត្តកំពង់ស្ពឺ។
ក្នុងដំណើរចុះពិនិត្យនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ និងបាននាំយកនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយឧបត្ថម្ភចូលរួមពីសំណាក់សប្បុរសជននានា តាមរយៈឯកឧត្តម ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងការជួយសង្គ្រោះ និងផ្គត់ផ្គង់ជូនដល់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងដំណាក់កាលលំបាកនេះផងដែរ៕




