(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណៈជាអធិបតីភាព ក្នុងកិច្ចប្រជុំប្រចាំខែ ស្តីពី បច្ចុប្បន្នភាពការងារជំនាញទាក់ទងនឹងរបបសន្តិសុខសង្គម ដល់លោក លោកស្រីជាប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស. តាមបណ្តាសាខាទូទាំងរាជធានី/ខេត្ត-ខណ្ឌ តាមប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកនេះ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។
ទន្ទឹមគ្នានេះ ឯកឧត្តមប្រតិភូ ក៏បានមានប្រសាសន៍អំពីស្ថានភាពបច្ចុប្បន្ននៃប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនូវបញ្ហាគ្រោះធម្មជាតិទឹកជំនន់ដោយសារទឹកភ្លៀង តាមបណ្តាលខេត្តមួយចំនួន កំពុងទទួលរងផលប៉ះពាល់។ ដូចនេះ ឯកឧត្តមប្រតិភូ ស្នើសុំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកតាមបណ្តាសាខាទូទាំងរាជធានី/ខេត្ត-ខណ្ឌ នីមួយៗ ជាពិសេសខេត្តដែលទទួលរងគ្រោះទឹកជំនន់ ត្រូវធ្វើយ៉ាងណាធានាសុវត្ថិភាពរបស់ខ្លួន និងបន្តអនុវត្តការងារឱ្យល្អប្រសើរជូនដល់បងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស.។
ជាមួយគ្នានេះ ឯកឧត្តម លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏សូមឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព។ ជាការពិតណាស់ សម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយបំផុត ពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានជំរុញបន្ថែមទៅដល់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. គ្រប់ការិយាល័យ និងគ្រប់សាខាទូទាំងរាជធានី/ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងណា ពន្លឿនក្នុងការផ្តល់សេវាដល់សមាជិក ប.ស.ស. ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងផ្តល់ការសម្របសម្រួលឱ្យបានទាន់ពេលវេលាចំពោះបងប្អូន ដែលជាសមាជិកពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស.។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០៕




