(អន្តរជាតិ)៖ នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសចាប់តាំងពីចូលកាន់តំណែង។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
មន្ត្រីរដ្ឋាភិបាលកំពុងរៀបចំឱ្យលោក Suga Yoshihide ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ។
លោក Suga Yoshihide បានបង្ហាញពីផែនការនេះ នៅឯការប្រជុំប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យសេរីនៅថ្ងៃអង្គារ។ លោកបានពិពណ៌នាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា ជាគន្លឹះឆ្ពោះទៅរក «ឥណ្ឌូប៉ាស៊ីហ្វិក» ដោយសេរី និងបើកចំហ។ លោកបានមានប្រសាសន៍ថា លោកមានគោលបំណងបង្ហាញទាំងក្នុងនិងក្រៅប្រទេសថា ប្រទេសជប៉ុននឹងចូលរួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់៕



