(ថៃ)៖ កាលពីថ្ងៃអាទិត្យទី ១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងក្រុមការងារស្ថានទូត បានចុះសួរសុខទុក្ខនិងចែកអំណោយ (អង្ករ មីកញ្ចប់ ទឹកស៊ីអ៊ីវ ម៉ាស់ និងថ្នាំពេទ្យ) ដល់បងប្អូនពលករខ្មែរនៅខេត្តឈុនបូរី ចំនួន ៣កន្លែង ប្រមាណជិត ១៥០ គ្រួសារ ដែលកំពុងជួបទុក្ខលំបាកដោយសារស្ថានភាពកូវីដ១៩។
ក្នុងកម្មវិធីចុះសួរសុខទុក្ខនេះ ឯកឧត្តមទូត បានផ្តាំ ផ្ញើរការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹករាជរដ្ឋាភិបាល ដល់បងប្អូន ពលករទាំងអស់ និងបានណែនាំផងដែរថា ក្នុងស្ថានការណ៍ រីករាលដាលជំងឺកូវីដ១៩នេះ សូមបងប្អូនថែរក្សាសុខភាព អនាម័យអោយបានខ្ជាប់ខ្ជួន លាងដៃនឹងសាប៊ូ ពាក់ម៉ាស ពេលចេញទៅកន្លែងសាធារណៈ។
លើសពីនេះទៅទៀត ក្រុមការងារស្ថានទូតបានធ្វើការពន្យល់ណែនាំ អំពីសេវាបញ្ជាក់លិខិតផ្សេង ច្បាប់ការងារ សិទ្ធិនិងអត្ថប្រយោជន៍ បម្រាម ទោសបញ្ញត្តិ និងការស្នើសុំជំនួយក្នុងករណីបងប្អូនពលករ ជួបប្រទះបញ្ហាផ្សេងៗក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។ បងប្អូនពលករខ្មែរទាំងអស់ ពិតជាមានការសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ដែលស្ថានទូតក៏ដូចជារាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគាត់៕




