(សៀមរាប)៖ លោក គីម ឆាវ ត្រូវបានគេទទួលស្គាល់ និងចាត់ទុកថាជាវារីវប្បករគំរូម្នាក់ក្នុងខេត្តសៀមរៀមរាប ដែលទទួលបានជោគជ័យអាជីវកម្មខ្នាតតូច និងមធ្យម។ យុវជនរូបនេះ បាននិយាយថា ទីផ្សារកូនកង្កែបកំពុងមានការកើន ឡើងស្ទើរគ្រប់បណ្តាខេត្តមកបញ្ជាទិញតាម YouTube និង Facebook ដោយលក់ ១គូក្នុងតម្លៃ ៥-៦០ ០០០រៀល ប៉ុន្តែកសិដ្ឋានមិនទាន់បញ្ចេញលក់ច្រើន ដោយសារទុកពង្រីកបន្ថែម។
លោក គង់ គីមឆាវ (លេខទំនាក់ទំនង ០៨៩ ៣២២ ៥៦៥) បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅឆ្នាំ២០១៦ គាត់បានត្រលប់ទៅស្រុកកំណើតវិញជាមួយ នឹងកង្កែបមេពូជចំនួន ៣០គូរ។ ដោយសារចំណង់ចំណូលចិត្ត និងឆន្ទ:តស៊ូមោះមុត បច្ចុប្បន្ន គាត់មានលទ្ធភាពបង្កើនមេពូជកង្កែបរហូតដល់ទៅ ៣០០០គូរ/ឆ្នាំ។ គាត់បានប្រើប្រាស់ប្រាក់ ចំណេញធ្វើការកែលម្អកន្លែងបង្កាត់ភ្ញាស់របស់គាត់ជាអាំងស៊ីម៉ង។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ នៅថ្ងៃទី១២ ខែតុលា ដែលបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានបង្កាត់-ភ្ញាស់កង្កែបរបស់លោកគង់ គីមឆាវ នៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង បានសម្តែងការគាំទ្រ លើកទឹកចិត្ត និងជូនពរឲ្យអាជីវកម្មចិញ្ចឹមកង្កែបនេះទទួលបានជោគជ័យជាបន្តបន្ទាប់ និងស្នើសុំឲ្យលោក គីមឆាវ ជួយចែករំលែកបទពិសោធន៍ល្អៗដល់អ្នកទើបចាប់ផ្តើមចិញ្ចឹម និងលក់ចែកចាយពូជ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់និស្សិតដែលទើបបញ្ចប់ការសិក្សា គួរចាប់យក ឬបង្កើតមុខរបរទៅតាមជំនាញរបស់ខ្លួនមួយដើម្បីមានការងារធ្វើ និងមានប្រភពចំណូល ចៀសវាងធ្វើចំណាកស្រុក និងជាពិសេសគួរឆក់យកឱកាសមាសនេះ ដោយប្រើប្រាស់សក្តានុពលរបស់ខ្លួនដែលទទួលបានពីសាលា។
ដោយឡែក លោក ជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងការគាំទ្រចំពោះសកម្មភាពចិញ្ចឹម និងបង្កាត់ពូជកង្កែបនេះ ព្រោះវាជាប្រភពនៃប្រាក់ចំណូលសម្រាប់កែលម្អកម្រិតជីវភាពយុវជនជំនាន់ថ្មីឲ្យកាន់តែល្អប្រសើរ។
តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ការអនុវត្តគម្រោងវារីវប្បកម្មឆ្លើយតបទៅ នឹងវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ កម្មវិធី CapFish Aquaculture គឺជាសកម្មភាពការងារគម្រោងអភិវឌ្ឍន៍មួយ ដែលត្រូវបានរៀបចំដំណើរការធ្វើឡើងនៅក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកវារីវប្បកម្ម ដែលទទួលបានហិរញ្ញប្បទានពីសហ គមន៍អឺរ៉ុប។
សកម្មភាពការងារអភិវឌ្ឍន៍របស់គម្រោងមានគោលដៅផ្តោតជាសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍផលិតកម្មវារីវប្បកម្មឱ្យដំណើរការបានលឿនឆាប់រហ័ស ហើយអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងវិបត្តិសេដ្ឋកិច្ច និងបញ្ហាសន្តិសុខស្បៀងនៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺ រាតត្បាតកូវីដ-១៩៕




