(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែ ក្រុងបាត់ដំបង។ ស្ថានភាពទឹកស្ទឹងសង្កែ បើទោះបីជាឡើងដល់កម្រិត ប្រកាសអាសន្ន ចាប់តាំងពីយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលានេះក៏ដោយ តែមកដល់ព្រឹកថ្ងៃទី១១តុលានេះ ទឹកស្ទឹងសង្កែ មិនទាន់លិចចូលក្រុងបាត់ដំបង ទីរួមខេត្តបាត់ដំបង នៅឡើយទេ។
សូមរម្លឹកថា គិតត្រឹមម៉ោង ៩:២០ នាទី យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានចូលដល់ភូមិឃុំមួយចំនួន ដែលនៅតាមបណ្ដោយដងស្ទឹងសង្កែ ខណៈដែលកម្ពស់ទឹកស្ទឹងសង្កែ ឡើងដល់កម្ពស់ ១៤ ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្នហើយ។
រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសថា ក្រុងបាត់ដំបង ជៀសមិនផុតពីការជន់លិចនៅជំនន់ទឹកភ្លៀងទេ បើមេឃនៅតែបន្តភ្លៀងបែបនេះ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ការពារយថាហេតុដែលកើតឡើង៕




