(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងវេទិកា ស្តីពី «យុទ្ធនាការនារីវ័យក្មេង ឆ្ពោះទៅភាពជាអ្នកដឹកនាំ (#Girl2Leader)»។
យុទ្ធនាការនេះ ធ្វើឡើងស្របពេល ដែលពិភពលោកកំណត់យកថ្ងៃ១១ ខែតុលា ជាថ្ងៃទិវាក្មេងស្រីអន្តរជាតិ និងមានគោលបំណង÷
១-ផ្តល់ការណែនាំអំពីជីវិតនយោបាយផ្ទាល់ខ្លួនរបស់សមាជិករដ្ឋសភា ជាស្ត្រី ទៅដល់ក្មេងស្រី និងបង្ហាញក្មេងស្រីថា នយោបាយគឺជាការងាររបស់ស្ត្រី។
២-ជំរុញឲ្យក្មេងស្រីពិចារណាអនាគត ក្នុងភាពជាអ្នកដឹកនាំ និងមានគោលបំណង ដើម្បីឲ្យក្មេងស្រីចូលរួមក្នុងនយោបាយកាន់តែច្រើន ដើម្បីសម្រេចបាននូវសមភាពយេនឌ័រ។
វេទិកានេះ ប្រារព្ធធ្វើឡើង នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល៕




