(ភ្នំពេញ)៖ កិច្ចប្រជុំ ស្ដីពី ការពង្រឹងការងារសន្តិសុខ សុវត្ថិភាពនៅតាមខុនដូរ និងបុរី ក្នុងរាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវជាថ្នាក់ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ និងតំណាងខុនដូរ បុរីទាំងអស់ក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ នេះ ដើម្បីចូលរួមឱ្យឃុំ-សង្កាត់ មានសុខសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានចោរកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងបុរីទាំងអស់ ត្រូវមានកិច្ចសហការជាមួយគ្នាឱ្យបានល្អ ក្នុងកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងរៀបចំប្រព័ន្ធពន្លត់អគ្គិភ័យ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចបងប្អូនរស់នៅតាមខុនដូរ និងបុរី ប្រកបដោយមានទំនុកចិត្ត និងមានផាសុខភាពទាំងការរស់នៅ ទាំងការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ៕




