(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួនម្នាក់ និងមានករណីជាសះស្បើយ ម្នាក់ដែរ។ អ្នកជាសះស្បើយម្នាក់នោះ ជាស្ត្រីខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គាត់ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរ នៅប្រទេសចិន ( តៃវ៉ាន់ ) មកដល់កម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
រីឯអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ដែលក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី៩តុលានេះ ជាបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល ប្រកាសថា អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២៨នាក់ ( ស្ត្រី ៣៣នាក់ )។ ក្នុងនោះ អ្នកដំណើរចំនួន ១២៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅវិទ្យាល័យ បូរី ១០០ខ្នង ចំនួន ២៩នាក់ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ៨នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញ ចំនួន ៥នាក់ និងសណ្ឋាគារផ្សេងទៀត នៅរាជធានីភ្នំពេញ ចំនួន ៨៥នាក់។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨២នាក់។ ក្នុងនោះ ២៧៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតណាម ចំនួន ៣នាក់ ( ស្ត្រីជនជាតិឥណ្ឌា បុរសជនជាតិឥណ្ឌូនេស៊ី និងបុរសជនជាតិខ្មែរ ) និងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២នាក់ ( បុរសជនជាតិហុងគ្រី និងបុរសជនជាតិបារាំង )៕




