(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០ បានចាប់ផ្តើមពិភាក្សាលើរបៀបវារៈ ស្តីពី "សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣"។
កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ត្រូវបានរៀបចំ ដោយមានកត្តាចម្បង និងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗ ពោលគឺ៖
- ការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់ ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ មានក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
- ការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលមានតម្លៃសរុបប្រចាំឆ្នាំ ត្រូវបានរៀបចំឡើង ដោយផ្អែកលើតម្រូវការចំណាយសរុប សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីឱ្យបានស្របតាមស្ថានភាពជាក់ស្ដែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការ ដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។
ក្នុងចំនួនគម្រោងសរុប ៦២៩គម្រោង នៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២១-២០២៣ នេះ មានចំនួន ២០៣គម្រោង ជាគម្រោង កំពុងដំណើរការ ដែលត្រូវការទុនចំនួន ៨ ៣៩៧ លានដុល្លារអាមេរិក និងចំនួន ៤២៦គម្រោង ជាគម្រោងសម្រាប់អនុវត្តផ.យ.អ.ជ ដែលត្រូវការទុនចំនួន ៤ ៣៩៩ លានដុល្លារអាមេរិក។
ការវិភាជទុនដល់គម្រោងនានាររបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ទៅតាមវិស័យ ដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣រួមមាន៖
- ៨,៩% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច
- ៣៤,២% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច
- ៥០,១% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
- ៦,៨% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។
ក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួម និងតាមវិស័យនៅក្នុងដំណាក់កាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ការធ្វើឱ្យកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ក្លាយជាឧបករណ៍ផ្នែកគោលនយោបាយ សម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈ ដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍ដ៏មានកម្រិតរបស់យើង មកជាមួយនឹងអាទិភាពរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ទាមទារឱ្យមានការបន្តយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃព័ត៌មាន ស្តីពី គម្រោងវិនិយោគសាធារណៈ ដែលក្រសួង ស្ថាប័នត្រូវផ្តល់មកក្រសួងផែនការ សម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល។
បន្ទាប់ពីប្រជុំពិភាក្សារួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើ “ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣” ។
សូមរម្លឹកថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែតុលានេះ មានរបៀបវារៈ ដូចខាងក្រោម៖
១-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣។
២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។
៣-បញ្ហាៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖
៣.១-សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
១-ពិធីសារទី៣ ស្តីពីសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។
២-ពិធីសារ៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights)រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម។
៣.៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ៕




