(អន្តរជាតិ)៖ អង្គបោះឆ្នោតសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី ជាផ្លូវការនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈប្រធានាធិបតី Donald Trump នៅតែបន្ដបដិសេធលទ្ធផលឆ្នោតថាមានការក្លែងបន្លំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
យោងតាមលទ្ធផលបោះឆ្នោតប្រធានាធិបតីដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Biden មកពីបក្សប្រជាធិបតេយ្យ ទទួលបានសន្លឹកឆ្នោតពីប្រជាជន ៨១.៣លាននាក់ ទទួលបាន អង្គបោះឆ្នោត ៣០៦រូប ខណៈលោក Trump មកពីបក្សសាធារណរដ្ឋ ទទួលបានសន្លឹកឆ្នោតពីប្រជាជន ៧៤.២លាននាក់ ទទួលបានអង្គបោះឆ្នោត ២៣២រូប។
សូមរំលឹកថា នៅសហរដ្ឋអាមេរិក ប្រជាជនមិនមែនជាអ្នកបោះឆ្នោត ជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ឡើយដូច្នេះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នឹងមិនទាន់យកជាផ្លូវការ រហូតទាល់តែអង្គបោះឆ្នោតនៃរដ្ឋទាំង ៥០ ជួបប្រជុំគ្នាដើម្បីបោះឆ្នោតសម្រេចចុងក្រោយ។
អង្គបោះឆ្នោតសហរដ្ឋអាមេរិក នឹងជួបជុំគ្នានៅថ្ងៃច័ន្ទ (វេលានៅសហរដ្ឋអាមេរិក) នឹងបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតីរូបណាដែលបានឈ្នះនៅក្នុងការបោះឆ្នោតនៅក្នុងរដ្ឋរបស់ពួកគេ៕



