(ភ្នំពេញ)៖ យុទ្ធសាស្ត្រសេដ្ឋកិច្ចចិន នៅក្នុងសម័យកូវីដ-១៩ ត្រូវបានលើកបង្ហាញដោយ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។
សំណេរ ៥ទំព័រជាភាសាខ្មែរ បានលើកឡើងថា ការត្រៀមយុទ្ធសាស្ត្រ និងការមានយុទ្ធសាស្ត្រចិន ផ្នែកសេដ្ឋកិច្ច គឺមានតាំងពីឆ្នាំ២០១១ ដែលគេហៅថា ផែនការយុទ្ធសាស្ត្រ Conmumption-Led Growth ជាកូនសោរជោគជ័យ ហើយផ្នែកសេដ្ឋកិច្ច Digital គឺចិនមានតាំងពីឆ្នាំ២០១៦ ដែលសេដ្ឋកិច្ចឌីជីថល គឺស្របតាមភាវូបនីយកម្ម សម័យកូវីដ១៩ ដែលរឹតតែជាកត្តាលើកជំរុញនាំកាន់ត្រួសត្រាយនូវលំហូថ្មីនៃការប្រើប្រាស់ និងឱកាសការងារ និងជាការពង្រីកវិស័យប្រើប្រាស់ថ្មី ក្នុងសង្គម សម្រាប់ប្រទេសចិន។
អ្នកស្រាវជ្រាវដដែល លើកឡើងថា អំឡុងពេលមានកូវីដ១៩ ដែលជាវិបត្តិសកល ក្នុងការធ្វើឲ្យមានគម្លាតសង្គម តែជាការជំរុញកាន់តែខ្លាំងនៃសេដ្ឋកិច្ចឌីជីថលចិន។ ការទម្លាក់អត្រាពន្ធនាំចូលឲ្យបានទាបជាងមុន ជាយុទ្ធសាស្ត្រនៃការបង្កើនការប្រើប្រាស់ដោយសន្សំសំចៃ ដែលប្រជាពលរដ្ឋចិន អាចទិញទំនិញប្រើប្រាស់បានថោកជាងមុន និងការអនុគ្រោះពន្ធលើការវិនិយោគ ជាការប្រមូល និងគៀងគរមូលធន សម្រាប់ជំរុញផលិតកម្ម ដោយភ្ជាប់ជាមួយការពង្រឹងកម្មសិទ្ធិបញ្ញា ការទទួលបាននូវបច្ចេកវិទ្យា និងបច្ចេកទេសថ្មី ហើយឆ្លើយតបទៅនឹងការពង្រីកទីផ្សារ។ ទាំងនេះ ជាចលនាសេដ្ឋកិច្ចសកល តាមរយៈគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ដើម្បីសង្គ្រោះសេដ្ឋកិច្ចក្នុង និងក្រោយសម័យកូវីដ៕







