(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូល ស្ដីពី «ការប្ដេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បញ្ហាប្រែប្រួលអាកាសធាតុ ជាបញ្ហារបស់យើងទាំងអស់គ្នា។ ប្រទេសទាំងអស់ ត្រូវតែស្រុះដៃគ្នា និងអនុវត្តនូវកាតព្វកិច្ចរបស់ប្រទេសនិមួយៗ ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ យន្តការនានា កិច្ចព្រមព្រៀងកន្លងមក ក្នុងស្មារតីជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងការបន្ថយនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាអតិបរមា។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បន្ថែមថា «កម្ពុជាបានប្តេជ្ញារៀបចំយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹត្យភាពកាបូន ដែលការរៀបចំនេះ នឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២១។ ដើម្បីឲ្យការរៀបចំយុទ្ធសាស្ត្ររយៈពេលវែងនេះ ទទួលបានជោគជ័យ កម្ពុជាសូមអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ទាំងអស់ បំពេញឲ្យបានពេញលេញនូវកាតព្វកិច្ច ដែលបានសន្យា ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា»៕




