កម្ពុជា​-​ចិន ទាក់ទង​គ្នា ដើម្បី​ឲ្យ​កម្ពុជា អាច​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​១៩ ពី​មិត្ត​ចិន​!​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ កាសែត​ចិន ជា​ភាសា​ខ្មែរ ស៊ី​ស៊ីថា​ម​ស៍ បាន​ចុះផ្សាយ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ថា ពេលនេះ រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​ចិន កំពុង​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ឲ្យ​កម្ពុជា អាច​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ (COVID-19) ដែល​ផលិត​ដោយ​ប្រទេស​ចិន​។​

​កាសែត បាន​ស្រង់​សម្តី​មន្ត្រី​នៅ​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា មក​ផ្សាយ​ថា នៅ​ខណៈ​នេះ កម្ពុជា មាន​ជំរើស​ច្រើន ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ពី​ចិន ព្រោះ​វ៉ាក់សាំង ដែល​ផលិត ដោយ​ប្រទេស​ចិន មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​។ ម្យ៉ាងវិញទៀត វា​មាន​ភាពងាយស្រួល អាច​រក្សាទុក និង​ដឹកជញ្ជូន នៅ​សីតុណ្ហភាព ពី ០២ ដល់ ០៨ អង្សា​សេ ( 2℃ - 8 ℃)​។​

​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ចិន​ថា កម្ពុជា គឺជា​មិត្ត​ដែកថែប​របស់​ប្រទេស​ចិន ហើយ​ប្រទេស​ទាំងពីរ បាន​ចង​ជា​សហគមន៍​រួម​វាសនា​តែមួយ នៅ​អំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ប្រទេស​ទាំងពីរ បាន​ធ្វើជា​គំរូ​ដល់​សហគមន៍​អន្តរជាតិ ក្នុងការ​សហការ​ឆ្លើយ​តប​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​។ 

​មន្ត្រី​ស្ថានទូត​ចិន បញ្ជាក់​បន្ថែមថា "​នៅពេល​វ៉ាក់សាំង ដែល​បង្កើតឡើង​ដោយ​ប្រទេស​ចិន ត្រូវបាន​អនុម័ត​អោយ​ចែកចាយ​នៅលើ​ទីផ្សារ នឹង​ផ្តល់​អាទិភាព សំរាប់​ប្រទេស​កម្ពុជា​ជានិច្ច ហើយ​ជំហរ​នេះ មិនមាន​ការផ្លាស់ប្តូរ​ទេ​"​។​

​ជុំវិញ​ព័ត៌មាន​ខាងលើនេះ មិនទាន់មាន​ការបញ្ជា​ក់​ពី​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា នៅឡើយ​ទេ​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​ទិញ​វ៉ាក់សាំង ២០​លាន​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាជន​កម្ពុជា ១០​លាន​នាក់ ដោយ​ឥតគិតថ្លៃ​។ តែ​ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ សម្តេច​តេ​ជោ គ្រោង​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ចំនួន ១​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា ៥០​ម៉ឺន​នាក់ ដោយសារ​ម្នាក់ ត្រូវ​ចាក់ ២​ដូ​ស​។ អ្នក​ដែល​ត្រូវ​ទទួលបាន​វ៉ាក់សាំង មុនគេ ជា​ក្រុម​អ្នកធ្វើការ​នៅ​កន្លែង ដែលមាន​ហានិភ័យ និង​អ្នកមាន​ហានិភ័យ រួមមាន​៖ ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ មន្ត្រី​យុត្តិធម៌ អ្នក​បោស​សំរាម តាម​ទីប្រជុំជន ទីក្រុង​។​ល​។​

​មហាជន ដែលមាន​ចាប់ពី​ប្រជាពលរដ្ឋ​សាមញ្ញ មន្ត្រីរាជការ ឧកញ៉ា មហាសេដ្ឋី រហូតដល់​ព្រះមហាក្សត្រ បាន​ចូលរួម​បរិច្ចាគ​ថវិកា​តាមតិច តាមច្រើន ជូន​រាជរដ្ឋាភិបាល ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​។ មកដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ រាជរដ្ឋាភិបាល ទទួលបាន​ជំនួយ​ជាង ៤៥​លាន​ដុល្លារ​អាមេរិក​ហើយ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​
ព័ត៌មានជាតិ
Good News៖ ជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ និងមិនមានអ្នកឆ្លងថ្មីទេ!
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្តល់គោរមងារដល់លោក ម៉ម វណ្ណឌី ​​ជា ឧកញ៉ា​
ព័ត៌មានជាតិ
BEST TV: ទស្សនាវីដេអូ គម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងស្តារ-កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប
ព័ត៌មានជាតិ
សម្តេច​ប្រធានរដ្ឋសភា ហេង សំរិន​៖ សូម​ជនរួមជាតិ បន្ត​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់ បំពេញ​ឲ្យ​បាន​ពេញលេញ​នូវ​កាតព្វកិច្ច ដែល​បាន​សន្យា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី