(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ឆ្លើយតបនឹងការរិះគន់របស់មន្ត្រី UN បីរូប លើវិធានការរបស់កម្ពុជា ដែលថ្មីៗនេះ បានសម្រេចបង្ហាញអត្តសញ្ញាណអ្នកមានវីរុសកូវីដ១៩។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានលើកឡើង ក្នុងលិខិត ២ទំព័រថា វិធានការរបស់កម្ពុជា គឺដើម្បីធានាថា «ជីវិតដ៏មានតម្លៃ នឹងមិនត្រូវបាត់បង់ដោយសារតែមេរោគនេះឡើយ ហើយបញ្ជាក់ថា ចំពោះការបង្ហាញអត្តសញ្ញាណអ្នកផ្ទុកមេរោគកូវីដ១៩ គឺមានសារៈសំខាន់ជាខ្លាំង ក្នុងការទប់ស្កាត់ជាបន្ទាន់ នូវការចម្លងចូលក្នុងសហគមន៍ ដើម្បីការពារសុវត្ថិភាពសុខភាពសាធារណៈ និងសន្តិសុខប្រជាជនទាំងមូល។
ការឆ្លើយតបរបស់តំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ គឺបានធ្វើឡើងបន្ទាប់ពីមន្ត្រី UN បីរូប បានរិះគន់ពីចម្ងាយ តាមរយៈបណ្តាញសារព័ត៌មាន លើវិធានការសុខភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលសហគមន៍។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ប្រជាជនកម្ពុជា បានចូលរួមគាំទ្រ សហការលើវិធានការនេះ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវមិនឲ្យរើសអើងអ្នកជំងឺកូវីដ១៩នោះទេ។ ការប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា គឺបានដាក់បញ្ចូលនូវគុណតម្លៃសិទ្ធិមនុស្ស ហើយសំខាន់បំផុតគឺសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានការព្យាបាលសុខភាព។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ក៏បានរិះគន់តបថា អ្នករាយការណ៍ពិសេស UN ដែលអ្នកខ្លះមិនស្គាល់ច្បាស់ពីកម្ពុជាផង គួរតែចូលរួមអបអរសាទរសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងការការពារអាយុជីវិតមនុស្ស ដែលគ្មានអ្នកណាម្នាក់ស្លាប់ ដោយសារកូវីដ១៩នៅកម្ពុជា ហើយថែមទាំងទប់ស្កាត់បាននូវការរីករាលដាលទ្រង់ទ្រាយធំ ជាងបន្ទុចបង្អាក់ការខិតខំនេះ៕







