(ភ្នំពេញ)៖ ដូចការគ្រោងទុក រដ្ឋសភា បានរៀបចំ ធ្វើតេស្ត លើកទី៣ ជាលើកចុងក្រោយ លើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ក្នុងនោះ មានតំណាងរាស្ត្រ និងបុគ្គលិកមន្ត្រីរដ្ឋសភា ប្រមាណជាង ៣០នាក់ ដែលបានធ្វើតេស្ត ២លើកន្លងមក គឺអវិជ្ជមានវីរុសកូវីដ១៩។
សូមរម្លឹកថា នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ ក្រសួងសុខាភិបាល បានរៀបចំធ្វើតេស្ត លើកទី៣ ដែលជាលើកចុងក្រោយ លើអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅ ៧ទីតាំង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីយកសំណាក ពិនិត្យរកមេរោគកូវីដ១៩។ ក្នុងការធ្វើតេស្ត ពិនិត្យ ២លើកកន្លងមក គឺអ្នកទាំងអស់នោះ មានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩។
ទីតាំងទាំង ៧កន្លែង រួមមាន៖ ១.ផ្ទះសម្តេច ហេង សំរិន ២.ផ្ទះសម្តេចក្រឡាហោម ស ខេង ៣. រដ្ឋសភា ៤.ក្រសួងមហាផ្ទៃ ៥.ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ៦.ទីតាំងអង្គភាពភីឡត បន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ និង៧.ពហុកីឡដ្ឋានជាតិអូឡាំពិក ( សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល )។
ការយកសំណាក លើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូនេះ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមពីម៉ោង ៧ព្រឹក។ រីឯនៅតាមបណ្តាខេត្ត ដែលពាក់ព័ន្ធ ក៏ត្រូវមន្ទីរសុខាភិបាល ខេត្តនីមួយៗ រៀបចំទីតាំង ម៉ោងពេល ដើម្បីយកសំណាកលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា រហូតដល់ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០នាក់។ ក្នុងនោះ នៅថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ មិនមានអ្នកឆ្លងថ្មីទេ។ រីឯអ្នកធ្វើតេស្ត រកមេរោគកូវីដ១៩ កាលពីលើកទី១ កន្លងមក មានចំនួនជាង ១ម៉ឺននាក់៕
( រូបថតពីរដ្ឋសភា )






