(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរៀបចំធ្វើតេស្ត លើកទី៣ ដែលជាលើកចុងក្រោយ លើអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅ ៧ទីតាំង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីយកសំណាក ពិនិត្យរកមេរោគកូវីដ១៩ ចាប់ពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ។
ទីតាំងទាំង ៧កន្លែង រួមមាន៖ ១.ផ្ទះសម្តេច ហេង សំរិន ២.ផ្ទះសម្តេចក្រឡាហោម ស ខេង ៣. រដ្ឋសភា ៤.ក្រសួងមហាផ្ទៃ ៥.ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ៦.ទីតាំងអង្គភាពភីឡត បន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ និង៧.ពហុកីឡដ្ឋានជាតិអូឡាំពិក ( សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល )។
ការយកសំណាក លើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូនេះ នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមពីម៉ោង ៧ព្រឹក។ រីឯនៅតាមបណ្តាខេត្ត ដែលពាក់ព័ន្ធ ក៏នឹងត្រូវមន្ទីរសុខាភិបាល ខេត្តនីមួយៗ រៀបចំទីតាំង ម៉ោងពេល ដើម្បីយកសំណាកលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា រហូតដល់ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០នាក់។ រីឯអ្នកធ្វើតេស្តរកមេរោគកូវីដ១៩ មានចំនួនជាង ១ម៉ឺននាក់៕




