(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាព មានសិទ្ធិទទួលបណ្ណបើកបរស្របច្បាប់ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងប្រទេសកម្ពុជាហើយ។ នេះបើតាមប្រកាសរបស់អន្តរក្រសួង រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល។
ប្រកាសអន្តរក្រសួងស្តីពី លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព បានឲ្យដឹងថា ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើស ពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។
ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្នឹង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្របបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។
សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬបរទេស ដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំដូចប្រជាពលរដ្ឋទូទៅ។ សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេស ហើយដែលត្រូវប្ដូរមកប័ណ្ណបើកបរកម្ពុជាមានសុពលភាពរយៈពេល ១ឆ្នាំម្ដង។
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាល ដែលបានចូលរួមធ្វើឱ្យប្រកាសអន្តរក្រសួងនេះចេញជារូបរាង ក្នុងទិសដៅបម្រើឲ្យផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជនមានពិការភាព ដែលជាសមិទ្ធផលថ្មីមួយទៀតនៃវិស័យពិការភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕






