ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី ឈ្នះពានរង្វាន់ ​«ប្រព័ន្ធទូទាត់នាពេលអនាគត» ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៩ ខែធ្នូនេះ បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាមួយរូបទទួលបានពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត” ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។ 

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសដោយសាធារណជនតាមប្រព័ន្ធអនឡាញ ជាបុគ្គលដែលបានជំរុញឱ្យមាននវានុវត្តភាព និងជា game-changer ក្នុងផ្នែកទូទាត់។ 

ជាក់ស្ដែង ដោយមើលឃើញពីការទូទាត់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ពុំទាន់មានលទ្ធភាពអាចធ្វើការទូទាត់ឆ្លងគ្រឹះស្ថានបាន ហើយគ្រឹះស្ថានភាគច្រើនបានរៀបចំប្រព័ន្ធទូទាត់សម្រាប់បម្រើសេវាជូនតែអតិថិជនរបស់គ្រឹះស្ថានផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលគ្រឹះស្ថានមួយចំនួនទៀតបានសហការផ្តល់សេវាទូទាត់ជាលក្ខណៈទ្វេភាគីជាមួយដៃគូរបស់ខ្លួន។ កត្តាទាំងនេះធ្វើឲ្យមានផលពិបាកសម្រាប់អតិថិជន ក្នុងការទូទាត់នឹងផ្ទេរប្រាក់ ថែមទាំងធ្វើឱ្យមានកម្រៃខ្ពស់។  

ឆ្លើយតបនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំផ្ទាល់ដោយលោកជំទាវ ជា សិរី បានបានអភិវឌ្ឍប្រព័ន្ធបាគង ដែលប្រព័ន្ធនេះដើរតួនាទីជាប្រព័ន្ធទូទាត់កន្លោង (Backbone payment system) សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់តភ្ជាប់ទៅនឹងបំណ្តុំរួមតែមួយ។ 

ប្រព័ន្ធបាគង ជាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ស្នូលសម្រាប់ផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាសមាជិក អាចធ្វើប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងប្រព័ន្ធគ្នាទៅវិញទៅមក (Interoperability) ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព មិនគិតកម្រៃសេវាផ្ទេរប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។ ទន្ទឹមនេះ ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន (Blockchain) ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ 

ប្រព័ន្ធបាគង បាននិងកំពុងចូលរួមក្នុងការជំរុញការទូទាត់ (មិនប្រើសាច់ប្រាក់) ដែលយើងសង្កេតឃើញថាតម្រូវការទូទាត់អេឡិចត្រូនិកមានការកើនឡើង ​ក្នុងបរិការណ៍ប្រទេសកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ 

ការដាក់ឱ្យដំណើរការប្រព័ន្ធបាគង គឺជាជោគជ័យថ្មីមួយទៀតដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង
គ្រាន់តែទទួលដំណឹងភ្លាម! ឯកឧត្ដម ឃួង ស្រេង ឲ្យអភិបាលខណ្ឌច្បារអំពៅ យកថវិកា៤លានរៀល ទៅជូនលោករស់ ហ៊ន ប៉ូលីសចរាចរណ៍ដែលកំពុងសម្រាកព្យាបាលជំងឺ
ព័ត៌មានជាតិ
BEST TV: មេដឹកនាំពិភពលោក ដែលធ្លាប់សម្រក់ទឹកភ្នែក?
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យការអនុវត្តការធ្វើចត្តាឡីស័ករបស់ព្រះសង្ឃគង់នៅវត្តវិហារត្រាញ់ និងប្រជាពលរដ្ឋនៅឃុំអន្លង់រមៀត
ព័ត៌មានជាតិ
ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ចូលរួមថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ផ្អាកអាជីវកម្មRelax Hill Resort បន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ម្នាក់បានទៅស្នាក់នៅទីនោះ
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនប្រារព្ធពិធីជួបជុំអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនោះទេនៅឆ្នាំ្ននេះ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី