(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ២០២០នេះមិនបានប្រារព្ធពិធីជួបជុំដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩កំពុងបន្តរាតត្បាត។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ឯកឧត្ដម ជិន ម៉ាលីន បានសរសេរឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ថា ឆ្នាំនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនបានប្រារព្ធពិធីជួបជុំគ្នាដូចរាល់ឆ្នាំនោះទេ ដោយសារស្ថានភាពកូវីដ-១៩ តែនឹងរៀបចំជាវីដេអូផ្សព្វផ្សាយអប់រំខ្លីអំពីសិទ្ធិ និងសន្តិភាព និងវីដេអូប្រសាសន៍របស់ឯកឧត្តមកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ។
ជាមួយគ្នានេះឯកឧត្ដម ជិន ម៉ាលីន បានសរសេរឡើងថា«សន្តិភាពជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ សន្តិភាព ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។ ការការពារនិងសង្រ្គោះអាយុជីវិតរបស់ពលរដ្ឋ គឺជាការធានាបាននូវសិទ្ធិជាមូលដ្ឋានមួយរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត ដែលសិទ្ធិនេះមានអាទិភាពជាងសិទ្ធិណាៗទាំងអស់ ហើយប្រសិនបើសិទ្ធិនេះមិនត្រូវបានធានានិងការពារនោះទេ សិទ្ធិផ្សេងៗទៀតក៏នឹងពុំមានអត្ថិភាពនិងតម្លៃអ្វីដែរ»៕



