(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៤ ( 14th ASEAN DEFENCE MINISTERS' MEETING ) តាមរយៈប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំ ប្រទេសជាសមាជិកអាស៊ាន បានចុះហត្ថលេខាលើផែនការការពារជាតិអាស៊ានឆ្នាំ២០២០-២០២៣ និងបានព្រៀងឯកសារស្តីអំពីការរក្សាស្ថេរភាពសន្តិសុខក្នុងតំបន់ ដោយផ្តោតលើប្រធានបទចំនួន៥៖ ១. នីតិវិធីនៃការអនុវត្តការងាររបស់កងកម្លាំងបម្រុងអាស៊ាន ក្នុងជំនួយផ្នែកមនុស្សធម៌និងគ្រោះមហន្តរាយ។ ២. នីតិវិធីនៃការផ្លាស់ប្តូរព័ត៌មានភេវរកម្ម។ ៣. គោលការណ៍នៃការប្រើប្រាស់ទង់ជាតិអាស៊ាននិងទង់ជាតិប្រទេសជាសមាជិក ក្នុងបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ប្រទេសក្នុងអាស៊ានលើឆាកអន្តរជាតិ។ ៤. នីតិវិធីនៃការផ្សារភ្ជាប់រវាង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និង៥. ពង្រឹងតួនាទីរបស់អនុព័ន្ធយោធានៃប្រទេសសមាជិកអាស៊ាន ក្នុងការកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌ ADMM និង ADMM-Plus៕





