(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយ:ពេលប្រមាណតែ១ម៉ោងនាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ទទួលបានថវិកាដែលបរិច្ចាកពីពាណិជ្ជករល្បីៗចំនួន៦រូបដំបូងនៅកម្ពុជា ដែលចូលរួមបរិច្ចាគក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសជំហ៊ានដំបូងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន មិនបានប្រកាសអំពាវនាវនោះទេ ប៉ុន្តែជាស្មារតីសប្បុរសធម៌របស់ពាណិជ្ជករខ្មែរ ដែលបានស្ម័គ្រចិត្តដោយជឿជាក់ ចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន។
យោងតាមបណ្តាញព័ត៌មាន នៅប្រមាណម៉ោង៩:០០យប់ថ្ងៃនេះ ពាណិជ្ជករដែលបានចូលរួមបរិច្ចាគថវិការួមមាន៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា លាង ឃុន នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា ចេន ហ្ស៊ី នៃក្រុមហ៊ុនព្រីនគ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ចំនួន៣លានដុល្លារ, លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាចំនួន១លានដុល្លារ និង ឧកញ៉ា ថោង សារ៉ាត់ បរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារ។
ថវិកាសប្បុរសចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន គិតត្រឹមម៉ោង១:០០យប់នេះ ថ្ងៃទី៧ ធ្នូនេះ មានចំនួនសរុប១៣លាន និង១០ម៉ឺនដុល្លារអាមេរិក។ គេរំពឹងថា នឹងមានមហាសេដ្ឋីនិងសប្បុរសជនចូលរួមបន្តទៀត៕



