(ភ្នំពេញ)៖ ទិដ្ឋភាព នៅក្រៅរបងពហុកីឡដ្ឋានជាតិអូឡាំពិក ឬស្តាតអូឡាំពិក នាព្រឹកថ្ងៃទី៨ ខែធ្នូនេះ មានអ្នកសម្រុកទៅធ្វើតេស្ត លើកទី២ ច្រើន រហូតដល់ត្រូវប្រជ្រៀតគ្នា ដូចទិដ្ឋភាពនៅក្រសួងមហាផ្ទៃម្សិលមិញដែរ។ តែពាក់ម៉ាសទាំងអស់គ្នា។
ក៏ប៉ុន្តែបើនៅក្នុងរបងស្តាត ក្នុងបរិវេណ ដែលរៀបចំធ្វើតេស្ត គឺមានរបៀបរៀបរយល្អ អ្នកចូលរួមទាំងអស់ ពាក់ម៉ាស របាំងមុខ ហើយរក្សាគម្លាតសុវត្ថិភាពបានត្រឹមត្រូវល្អ។
ការទៅធ្វើតេស្តនេះ សូមបងប្អូន កុំប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យយ៉ាងតិច ១ម៉ែត្រកន្លះ ពីម្នាក់ទៅម្នាក់ ព្រោះថា បើនៅកៀកជិតគ្នា អាចនឹងឆ្លងមេរោគ បើសិនជានរណាម្នាក់ កើតជំងឺកូវីដ។
សូមរម្លឹកថា អ្នកប៉ះពាល់ទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធ្វើតេស្ត ជាលើកទី២ នៅថ្ងៃទី៨ ខែធ្នូនេះ ដែលក្រសួងសុខាភិបាល រៀបចំទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ និងនៅតាមមន្ទីរសុខាភិបាលខេត្ត ( ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត )។
ក្នុងនោះ អ្នកធ្វើតេស្តលើកទី១ គិតពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មានជាង ១១០០០នាក់។ ជាលទ្ធផល គឺមកដល់ព្រឹកថ្ងៃទី៨ធ្នូនេះ មានអ្នកឆ្លងសរុប ៣៤នាក់ហើយ៕



