(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើសារពិសេសរំលឹកអាជ្ញាធរ អនុវត្តន៍វិធានការបិទទីតាំងអាជីវកម្មណា ដែលមិនអនុវត្តន៍វិធានការសុខាភិបាល។
ក្នុងសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលរាជធានី ខេត្ត ត្រូវតាមដានឲ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយ ចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ការចម្លងនៅក្នុងហាងសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីការអនុវត្តន៍មិនបានត្រឹមត្រូវទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ សូមប្រើអំណាចរបស់រដ្ឋ អភិបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន ព្រោះយើងគ្មានជម្រើសណាផ្សេងឲ្យល្អជាងជម្រើសធានាក្នុងការគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស់ ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ ទាំងអ្នកលក់ ដែលយើងសង្កេតនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ»។
សម្តេតេជោបានគូសបញ្ជាក់ថា ក៏ប៉ុន្តែការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋានខេត្ត ខណ្ឌ ស្រុក ក្រុង ភូមិ ឃុំ សង្កាត់ គឺជាការថ្លោះធ្លោយមួយដែលបណ្តាលឲ្យកើតមានរឿងឆ្លងតាមសហគមន៍នេះ មួយផ្នែកផងដែរ។ ព្រោះអ្នកដែលចម្លងអាចមានលទ្ធភាពទៅចម្លង លុះត្រាតែមានលទ្ធភាពទៅកៀកជាមួយនឹងអ្នកដែលមិនមានជំងឺ ដូច្នេះហើយខ្ញុំស្នើអនុវត្តន៍ឲ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ជាមួយនឹងការអនុវត្តន៍នូវគម្លាតសង្គម គម្លាតសុវត្ថិភាព ដែលក្នុងណុងគឺគម្លាតពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់បន្ថែមទៅដោយការពាក់ម៉ាក់»។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំដោយទទូចទៅកាន់ប្រជាពលរដ្ឋឲ្យរួមគ្នាធ្វើតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលជាដើម៕



