(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានត្រៀមព្រះរាជក្រឹត្យ សារលិខិតរួចរាល់ហើយ ដើម្បីថ្វាយព្រះមហាក្សដាក់ប្រទេសក្នុងគ្រាអាសន្ន។ តែយ៉ាងណា សម្តេចបានបញ្ជាក់ថា ពេលនេះមិនទាន់ឈានដល់ការដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ដែលនាំឲ្យគាំងសេដ្ឋកិច្ច ទោះបីបានព្រាងឯកសាររួចរាល់ហើយក៏ដោយ។
ក្នុងសារសំឡេងពិសេសរបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិត ដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រាងនូវអនុក្រឹត្យ ព្រាងនូវលិខិតសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភារួចស្រេចទៅហើយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហ៊ានបែបនេះនោះទេ ព្រោះវាធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានឹងគាំងទាំងស្រុងតែម្តង។ ប្រសិនបើបិទប្រទេស ឬក៏បិទផ្នែកណាមួយរបស់ប្រទេស ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឲ្យគាំងដំណើរការសេដ្ឋកិច្ច។ ជាពិសេសប៉ះពាល់ទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង។ ប៉ុន្តែអ្វីដែលជាការជំនួសបានយើងអាច យើងខិតខំជំនួស តាមរយៈការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្តង»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ «សុំបងប្អូនទាំងអស់គ្នាធ្វើការយោគយល់ចំពោះស្ថានការណ៍មិនមែនសម្រាប់ផ្ទាល់ខ្លួនរបស់នរណាម្នាក់ទេ របស់បុគ្គលណាទេ ប៉ុន្តែសម្រាប់ផ្ទាល់របស់ខ្លួន សាម៉ីខ្លួនតែម្តង។ តាំងពីគ្រាដំបូងខ្ញុំចាប់ផ្តើមនិយាយថា យើងចាប់ផ្តើមពីមនុស្សម្នាក់ៗ បើបុគ្គលម្នាក់ៗមិនអាចនឹងធ្វើកិច្ចការងានេះបានទេវានឹងចម្លងទៅដល់ក្រុមគ្រួសារ បន្ទាប់ទៅវាចម្លងចូលទៅក្នុងសហគមន៍របស់យើង ដែលវានឹងបំផ្លិចបំផ្លាញធ្ងន់ធ្ងរចំពោះប្រទេសជាតិរបស់យើង»។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំបានស្នើក្នុងដំណោះស្រាយដំបូង គឺខ្ញុំបានបញ្ជាក់ថារយៈពេល១៥ថ្ងៃ គឺជារយៈពេលដ៏លំបាកយើងគ្រប់គ្រងបានឬគ្រប់គ្រងមិនបាន គឺស្ថិតក្នុងរយៈពេល១៥ថ្ងៃ តាំងពីថ្ងៃទី៣០ រហូតមកដល់ពេលនេះ មានរយៈពេល៦ថ្ងៃរួចមកហើយ។ ក្នុងរយៈពេល៦ថ្ងៃមកនេះ យើងពិនិត្យឃើញថាទើបតែថ្ងៃនេះទេ ដែលអត្រាឆ្លងគឺមានចំនួនតិច មានត្រឹមតែ១នាក់ប៉ុណ្ណោះ ប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃមុនមានចំនួនច្រើន។ ក៏ប៉ុន្តែនេះមិនមែនមានន័យថា យើងបានបញ្ចប់នូវស្ថានការណ៍សហគមន៍២៨វិច្ឆិកានោះទេ។ យើងត្រូវបន្តការខិតខំ មិនដឹងថាការលាក់ខ្លួននៃជំងឺនេះវាស្ថិតនៅទីណាតទៅទៀត ដូច្នេះស្នើឲ្យគ្រប់ទីកន្លែងទាំងអស់មានការប្រុងប្រយ័ត្ន»៕



