(ភ្នំពេញ)៖ តាមរយៈសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែធ្នូនេះ សម្តេចបានគូសបញ្ជាក់ថា ក្នុងករណីហាងឬទីតាំងណា នៅតែមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ត្រូវបិទហាងឬទីតាំងនោះជាបណ្តោះអាសន្នសិន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ សូមប្រើអំណាចរបស់រដ្ឋ អភិបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន ព្រោះយើងគ្មានជម្រើសណាផ្សេងឲ្យល្អជាងជម្រើសធានាក្នុងការគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស់ ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ ទាំងអ្នកលក់ ដែលយើងសង្កេតនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ»។
បើតាមសម្តេចតេជោ ហ៊ុន សែន កន្លងមកសង្កេតឃើញនៅតាមបណ្តាហាងលក់ទំនិញមួយចំនួន មិនបានបំពេញគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះឡើយ។ ទន្ទឹមនឹងនឹះ ប្រមុខរាជរដ្ឋាភិបាលក៏សង្កេតឃើញដែរ ពីការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋាន ដែលជាផ្នែកមួយបណ្តាឲ្យមានការឆ្លងជំងឺកូវីដ១៩ នៅតាមសហគមន៍៕



